(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវ​ដល់សភាឲ្យ អនុម័ត​​ច្បាប់មួយ ដែលនឹងជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ដល់ទៅ ១.៥ទ្រីលានដុល្លារ (ពាន់ពាន់​លានដុល្លារ) ក្នុងការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំង​ប្រទេស។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNBC នៅព្រឹក​ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាស​ធ្វើការថ្លែងសារ​ទៅកាន់សភាជា​លើកដំបូង (State of the Union Adress) ចាប់តាំងតែពី​បានឡើង​កាន់តំណែង ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ដើម​ឆ្នាំមុន លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «ខណៈដែលពួក​យើង កំពុងធ្វើការ​ស្ថាបនា​វិស័យឧស្សាហកម្ម​របស់​ប្រទេសយើងឡើងវិញ វាក៏ជាពេល​ផងដែរដែល​យើងត្រូវ​ស្តារប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ កំពុង​ដួលរលំ​​របស់យើង​»។

គួរជម្រាបថា ការលើកឡើងនូវ​ចំណុចខាងលើនេះ បានឆ្លុះបញ្ចាំង​ឲ្យឃើញយ៉ាងច្បាស់ ពីទស្សនៈវិស័យ​មុតស្រួច​របស់លោក​ សម្រាប់​ការ​កែ​លម្អរឲ្យ​ប្រសើរឡើងវិញទៅលើប្រព័ន្ធ​ហេដ្ឋារចនា នៃប្រទេសមហាអំណាច​ពិភពលោក​មួយនេះ៕