(ឡូសអាន់ជែឡែស)៖ មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត និង០២នាក់ផ្សេងទៀត បានទទួលរងរបួស នៅពេលឧទ្ធម្ភាគ​ចក្រមួយគ្រឿង បានធ្លាក់ចំលំនៅឋានមួយខ្នង នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចអាមេរិក) ក្នុងទីក្រុង Newport Beach ​នៃរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ​២០១៨។

អាជ្ញាធរក្រុង Newport Beach បានបង្ហោះសារឲ្យដឹងថា មានមនុស្សចំនួន០៥នាក់បានរងគ្រោះនៅក្នុងហេតុការណ៍នេះ ដោយ​​០៤នាក់នៅលើឧទ្ធម្ភាគចក្រ និងម្នាក់ទៀតជាអ្នកឈរនៅលើដី។ ជាលទ្ធផលមនុស្ស០៣នាក់ បានបាត់បង់ជីវិត ប៉ុន្តែពុំមាន​នរ​ណា​ម្នាក់ ស្ថិតនៅក្នុងផ្ទះកើតហេតុ ជាទីដែលឧទ្ធម្ភាគចក្របានធ្លាក់ចំឡើយ។

គួរជម្រាបថា ឧទ្ធម្ភាគចក្រខាងលើ មានប្រភេទជាឧទ្ធម្ភាគចក្រ Robinson 44 ដែលផ្ទុកមនុស្សបាន០៤នាក់ និងជាកម្មសិទ្ធិរបស់​ក្រុមហ៊ុន Revolution Aviation។ ជាមួយគ្នានេះ មូលហេតុ ដែលបានបណ្តាលឲ្យឧទ្ធម្ភាគចក្រនេះធ្លាក់ កំពុងស្ថិតក្រោម​ការស៊ើប​អង្កេតរបស់ប៉ូលិស៕