(ហ្ស៊ឺណែវ)៖ របាយការណ៍​ពីទីភ្នាក់ងារសង្គ្រោះជន​ភៀសខ្លួន នៃអង្គការ​សហប្រជាជាតិ​បានបង្ហាញនូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះភ្លៀង​មូសុងដែលបាន និងកំពុង​ចាប់ផ្តើម​ធ្លាក់ចុះយ៉ាង​​គំហុក និងបង្កជាគ្រោះទឹកជំនន់ នៅតាមតំបន់ព្រំដែន​បង់ក្លាដែស ជាទីដែលជនភៀសខ្លួនរាប់សែននាក់​កំពុងរស់នៅ ក្រោយភៀសខ្លួនពីប្រទេស​មីយ៉ាន់ម៉ា។ នេះបើតាមការ​​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នាល្ងាច​ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

របាយការណ៍​បានបន្តថា បច្ចុប្បន្នជនជាតិ​រ៉ូហ៊ីងយ៉ាសរុប​ប្រមាណ ៩០០,០០០នាក់ កំពុងតែជ្រកកោណ​ក្នុងជុំរុំ Bazar ជាតំបន់ព្រំដែន​បង់ក្លាដែស ជាប់ហ្នឹង​មីយ៉ាន់ម៉ា ខណៈដែលជន​ភៀសខ្លួនចំណូលថ្មី នាប៉ុន្មានខែ​ចុងក្រោយនេះ គឺមានចំនួនសរុបរហូត​ដល់ទៅ ៦៨៨,០០នាក់ ពីលើជនភៀសខ្លួន​ស្រាប់​តែជាង ១០០,០០០នាក់ តែប៉ុណ្ណោះ។

ចំពោះគ្រោះទឹកជំនន់ បានកើតឡើង​ទៅតំបន់មួយផ្នែក​ នៃតំបន់ព្រំដែន Bazar ខាងលើនេះ ដែលមាន​ជនភៀសខ្លួន​រហូតដល់​ទៅជាង ១០០,០០០នាក់ ជ្រកកោណ ហេតុដូច្នេះ​ទីភ្នាក់ងារមនុស្សធម៌​អង្គការសហប្រជាជាតិ បានសំណូមពរ​ឲ្យអាជ្ញាធរបង់ក្លាដែស ធ្វើការជម្លៀស​ពួកគេបន្ត​ទៅកាន់តំបន់ទីទួល​ផ្សេង ដែលមាន​សុវត្ថិភាព។

គួរបញ្ជាក់ថា ដោយសារតែ​មហន្តរាយខាង​លើនេះ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាសរុប ៤,៨៦៥នាក់ ហើយធ្លាក់​ខ្លួនឈឺ និង ៣៥នាក់​បាត់បង់​ជីវិត ដោយសារតែ​ជំងឺអាសន្នរោគ។ អង្គការសុខភាព​ពិភពលោក WHO បាន​អះអាងថា ជនជាតិរ៉ូហ៊ីងយ៉ា​សរុបជាង ៥០០,០០០នាក់ ត្រូវបាន​ចាក់វ៉ាក់សាំងបង្ការ​ជំងឺរួចរាល់​ ខណៈកុមារ​ប្រមាណ ៣៥០,០០០នាក់ ចាប់ផ្តើម​​ទទួលការចាក់​វ៉ាក់សាំង តាំងតែពីថ្ងៃសៅរ៍​សប្តាហ៍មុន៕