(អាមេរិក)៖ អាទិភាពនៃ​វិស័យអវកាស​អាមេរិក ទំនងជានឹងត្រូវងាក​ចេញស្ថានីយអវកាស​អន្តរជាតិ ISS ហើយបង្វែរ​ទៅរក​​ការ​បំពេញបេសកកម្ម​នៅឯឋានព្រះច័ន្ទ​វិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ វែបសាយ Mashable.com នៅព្រឹក​ថ្ងៃចន្ទ ទី២៩ ខែ​មករា ឆ្នាំ២០១៨។

យោងតាមឯកសារ​ស្តីពីសេចក្តីព្រាង​ ស្នើកញ្ចប់ថវិកា​របស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលប្រភព​ព័ត៌មានខាង​លើទទួលបាន ការផ្តល់មូល​និធិពីសំណាក់រដ្ឋាភិបាល​អាមេរិក ទៅកាន់​ស្ថានីយ​​អវ​កាសអន្តរជាតិ ISS នឹងត្រូវបញ្ចប់​នៅ​ឆ្នាំ២០២៥ ដោយចាប់ពី​ពេលនោះ ក្រុមហ៊ុន​អវកាសនានា នឹងត្រូវទទួល​បន្ទុក​ជំនួស NASA ក្នុងការ​​បញ្ជូនអវកាស​យានិក ទៅ​កាន់ស្ថានីយអវកាស​អន្តរជាតិនេះ​វិញ។

ឯកសារខាងលើ បានផ្តល់ជា​តំរុយថា ទីភ្នាក់ងារ​អវកាស NASA នឹងងាកផ្តោត​សំខាន់ទៅលើ​ឋានព្រះច័ន្ទវិញ ដោយ​រដ្ឋា​ភិបាល​​របស់ លោក ត្រាំ រំពឹងថា NASA នឹងអាច​បញ្ជូនយាន​ចុះចត និង​មនុស្សទៅកាន់​ឋានព្រះច័ន្ទ ឲ្យបាននៅ​អំឡុងចន្លោះ​ឆ្នាំ​​២០២០ និង​ឆ្នាំ២០២៥។

គួរបញ្ជាក់ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ បានដាក់ផែនការនាំមុខ ចំពោះ​ការស្រាវជ្រាវ និងបញ្ជូនមនុស្ស​ទៅកាន់ឋាន​ព្រះច័ន្ទ ហើយសម្រាប់​បេសកកម្ម​មួយចំនួន ដែលផ្តល់​ផល​ប្រយោជន៍រួម​សម្រាប់ពិភពលោក​នោះ ត្រូវបាន​កាត់បន្ថយ។ បេសកកម្ម​ទៅឋាន​ព្រះច័ន្ទ គឺជាជំហាន​ដ៏ធំ​មួយ ដើម្បីឲ្យអាមេរិក​អាចបន្តទៅកាន់​ភពព្រះអង្គារ នៅ​ឆ្នាំ២០៣០៕