(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាង​ហោចណាស់ ០៤នាក់បាន​ស្លាប់ និងម្នាក់ទៀត​បានរងរបួស​ នៅក្នុងការបាញ់​ប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅ​សហរដ្ឋអាមេរិក) នៅឯ​កន្លែងលាង​រថយន្ដមួយ​កន្លែង ស្ថិតនៅ​ក្នុង​តំបន់ មែលក្រូហ្វ (Melcroft) នៃ​រដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania)។ នេះបើតាម​សម្តីមន្ត្រីប៉ូលិសអាមេរិកដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៩។

យោងតាមប៉ូលិស​អាមេរិក ជនរងគ្រោះត្រូវ​បានកំណត់អត្តសញ្ញាណ​មានឈ្មោះ​ដូចជា William Scott Porterfield, Chelsie Lou Cline, Seth William Cline និង Courtney Sue រួមទាំងស្ត្រីជា​អ្នកដំណើរម្នាក់ផ្សេង​ទៀត បានរង​របួស។ ចំណែកឯ ជនសង្ស័យ​មាន​ឈ្មោះថា Timothy Smith អាយុ ២៨ឆ្នាំ ហើយរូបគេ​បានរងរបួស​ចំក្បាល និង​មិនមាន​សង្ឃឹមថា អាចនៅរស់រានមាន​ជីវិតឡើយ ខណៈប៉ូលិស​អះអាងថា របួសនេះ​គឺត្រូវបានបង្កឡើង​ដោយ​ខ្លួនឯង។

គួរបញ្ជាក់ថា ប៉ូលិសអាមេរិកមិនទាន​​កំណត់ពីមូលហេតុជាក់លាក់ នៃការបាញ់ប្រហារនេះ​នៅឡើយទេ ប៉ុន្តែបើតាម​ក្រុមគ្រួសារជនរង​គ្រោះ ការបាញ់ប្រហារនេះ​កើតឡើង​ដោយសារតែ ជម្លោះ​ក្នុង​គ្រួសារ៕