(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយម​កូរ៉េខាងត្បូង KMA បានឱ្យដឹងថា គ្រោះរញ្ជួយដី​កម្រិត ៣.២រ៉ិចទ័រ បានវាយប្រហារ​លើប្រទេស​កូរ៉េខាងជើង ប៉ុន្តែវាហាក់ដូច​ជាមិនមែនជា​ការធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

យោងតាម KMA គ្រោះរញ្ជួយដី​ខាងលើបានកើត​ឡើងនៅម៉ោង ៨៖០៧នាទីយប់ កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) និងមានជម្រៅ​នៅរញ្ជួយ ០៦គីឡូម៉ែត្រ ព្រមទាំង​ស្ថិតនៅ​ចំងាយ ១៦គីឡូម៉ែត្រ ពីភាគអាគ្នេយ៍​តំបន់ Changjin នៃ​ខេត្ត Hamgyong ខាងត្បូង​របស់​កូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នា​ទីភ្នាក់ងារ​ឧតុនិយមមួយ​នេះ ក៏បានបញ្ជាក់​ដែរថា គ្រោះរញ្ជួយដី​កើតឡើងដោយ​ធម្មជាតិ មិនមែនបង្ក​ឡើងដោយ​ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ​នោះទេ។

គួរ​បញ្ជាក់ថា បើតាម KMA គ្រោះរញ្ជួយដី​សិប្បនិម្មិត​ នៃការធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ ជាធម្មតាវាបង្កើតជារលក​សំឡេង តែគ្រោះរញ្ជួយដីនេះ​មិនបានបង្កជា​រលកសំឡេង​អ្វីឡើយ៕