(កាប៊ុល)៖ អាជ្ញាធរអហ្វហ្គានីស្ថាន បានឱ្យដឹងថាចំនួនមនុស្សស្លាប់បានកើនដល់៩៥នាក់ និង១៥៨នាក់​ទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ​យ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេស​​អាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ទ្រព្យសម្បត្តិ​​សាធារណជាច្រើន ក៏ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។

ការបំផ្ទុះគ្រាប់បែក​ខាងលើនេះ ត្រូវបានប៉ូលិសទីក្រុង​កាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាតដោយរថយន្ត ទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារ​ចាស់នៃក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មាន​​ពីការិយាល័យ​​សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ​ជាន់ខ្ពស់​ ប្រចាំនៅប្រទេស​អាស៊ីខាងត្បូងមួយនេះឡើយ។

គួរបញ្ជាក់ថា បើតាមមន្ត្រី​អាហ្វហ្គានីស្ថានថា ក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕