(ញូយ៉ក)៖ ចៅក្រមសហព័ន្ធ​អាមេរិក​បានឲ្យដឹងថា រដ្ឋបាលរបស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនអាចបណ្តេញ​​ជនជាតិ​ខ្មែរ​ចំនួន​៩២​នាក់​ ភ្លាមៗចេញពី​សហរដ្ឋអាមេរិក ដោយពុំផ្តល់​ឱកាសដល់ពួកគេ​ជាមុន ដើម្បីការតវ៉ាប្រឆាំង​នឹងទង្វើនេះនៅក្នុង​តុ​លា​ការ​សិនឡើយ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

កាលពី​ខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍​នៅអាមេរិក បាន​បើកប្រតិបត្តិការ​ចុះឆែកឆេរ​ជាបន្តបន្ទាប់ ហើយក៏បាន​ធ្វើការឃាត់​ខ្លួន​​​ជនជាតិខ្មែរ​បានប្រមាណ១០០នាក់ ដោយភាគច្រើន​ក្នុងចំណោមនោះ ​គឺជាអ្នកដែល​បានរត់ភៀសខ្លួន​ ចេញពីរបប​ប្រល័យ​​ពូជសាសន៍​ខ្មែរក្រហម កាលពីអំឡុង​ទសវត្សរ៍៧០។

គួរជម្រាបថា ក្រៅពីនេះ​ចៅក្រមអាមេរិក​បីរូបផ្សេងទៀត ក៏បានចេញសាលក្រម​ស្រដៀងគ្នា​ផងដែរ ដោយរារាំងរដ្ឋាភិបាល​​​ឲ្យ​​​ធ្វើ​ការបណ្តេញជន​អន្តោប្រវេសន៍ ដែលបានរស់​អស់រយៈពេល​ជាយូរ​នៅក្នុងប្រទេសដែលគេស្គាល់ថា ជា «ដែនដីនៃសេរី​ភាព​» នេះផងដែរ ដោយជន​អន្តោប្រវេសន៍ទាំងនោះ​រួមមានជនជាតិ អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និងសូម៉ាលី៕