(វ៉ាស៊ីនតោន)៖ សេតវិមាន​ទើបតែបាន​សម្រេចទម្លាក់​លុយជិត ២៤លានដុល្លារ ទៅក្រុមហ៊ុន Boeing ដើម្បីផ្គត់ផ្គង់​​ប្រព័ន្ធទូរទឹកកក​ថ្មី​ចំនួន ០២គ្រឿង សម្រាប់យន្តហោះ​ធ្វើដំណើរ​របស់​ប្រធានាធិបតី​អាមេរិក Air Force One។ នេះបើតាមការ​ចេញផ្សាយ​ដោយ ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨។

កាលពីខែធ្នូ​ឆ្នាំទៅមិញនេះ ក្រសួងការពារជាតិ​អាមេរិក បានចេញសេចក្តី​ជូនដំណឹងមួយ ដែលពន្យល់​បកស្រាយថា ក្រុមហ៊ុន​ផលិត​យន្តហោះដ៏ធំ​ប្រចាំអាមេរិក Boeing ត្រូវបានប្រគល់​កុងត្រា​តម្លៃជិត ២៤លានដុល្លារ សម្រាប់ការសេវាគាំទ្រផ្នែកវិស្វកម្ម​​សម្រាប់​ប្រព័ន្ធទូរទឹកកក​របស់ VC-25A (ពាក្យយោធា​សំដៅ​ទៅលើ Air Force One) G12 និង G13 រួមមាន​ការរចនាប្រព័ន្ធគំរូ, ការ​ផលិត, ការដំឡើង, និងការធ្វើតេស្ត​ជាដើម។

គួរជម្រាបថា បើតាមអ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិក បានលើកឡើងថា ប្រព័ន្ធទូរទឹកកកបច្ចុប្បន្ន​របស់ Air Force One ​បាននិង​កំពុងចុះខ្សោយ​ដំណើរកាន់តែ​រហ័សទៅៗ ជាពិសេសនៅក្នុងបរិស្ថាន ដែលក្តៅ​ហើយស្ងួត ដោយពួកវា ពុំមានលទ្ធភាព​​​ទ្រទ្រង់តម្រូវការ​នៃការស្តុក​ទុក​ចំណីអាហារ ដោយប្រសិទ្ធភាព​ឡើយ៕