(ស្វីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នាថ្ងៃសុក្រនេះ បានបង្ហាញពីភាពជាមិត្តភាព និងដៃគូជាមួយនឹងបណ្តាប្រទេសនានាទូទាំងសកលលោក តាមរយៈឥរិយាបទសម្តែងល្ខោនរបស់ខ្លួន ក្នុងសេចក្តីថ្លែងការណ៍ក្នុងទីក្រុងដាវ៉ូស ប្រទេស ស្វីស ដោយបានបញ្ជាក់ថា ពាក្យថា«អាមេរិកជាអាទិភាព មិនមែនមានន័យថាអាមេរិកឯកានោះទេ» នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។

«ពិភពលោកកំពុងរង់ចាំភាពខ្លាំង និងភាពថ្កុំថ្កើនរបស់សហរដ្ឋអាមេរិក។ អាមេរិកនឹងបើកចំហសម្រាប់ការធ្វើពាណិជ្ចកម្មទូទៅ ដោយនឹងផ្តល់ឱកាសសម្រាប់ការប្រកួតប្រជែងជាថ្មី»។

លោកត្រាំ បានថ្លែងទៅកាន់ទស្សនិកជនរបស់ខ្លួនដែលជាអ្នកនយោបាយ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានភាពទាក់ទាញជាងពេលណាទាំងអស់សម្រាប់វិនិយោគិន ក្រោមការដឹកនាំរបស់លោកផ្ទាល់។ ប៉ុន្តែលោកបានព្រមានថា «យើងមិនអាចធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហបានឡើយ ប្រសិនមានប្រទេសណាមួយរំលោភបំពានលើប្រទេសដទៃទៀត»៕