(ប៉េកាំង)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​នៅថ្ងៃសុក្រនេះ បានបង្ហាញពីក្ដី​សង្ឃឹម​របស់ខ្លួនថា កិច្ចសន្ទនាបច្ចុប្បន្ន​រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចនឹងប្រែក្លាយ​ទៅជាកិច្ចសន្ទនា នយោបាយក្នុង​ពេលឆាប់ៗនេះ សំដៅដោះស្រាយ​វិបត្តិនៅលើ​ឧបទ្វីបកូរ៉េ។ នេះបើ​តាមសម្តី​មន្ត្រីជាន់ខ្ពស់ចិន លោក គង់ ហ្ស័នយូ (Kong Xuanyou) ចុះផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពីគោល​នយោបាយចំពោះមហាសមុទ្រ​អាក់ទិករបស់ចិន អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Kong Xuanyou បានសាទរ​ចំពោះកិច្ចសន្ទនា​រវាង ប្រទេសកូរ៉េទាំងពីរ​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ នៅកូរ៉េខាងត្បូង នាខែកុម្ភៈ​ខាងមុខ​នេះ។

លោក Kong បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើង​សង្ឃឹមថា ភាពវិជ្ជមាន​ទៅវិញទៅមក​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នឹងបន្ត​កើតមាន... ហើយបើ​ទោះជា​ខ្ញុំទៅ ឬមិនទៅកូ​រ៉េខាងជើង ក៏ការប្ដេជ្ញាចិត្ត​របស់​ចិន ក្នុងការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង គោលជំហរ​ការពារសន្តិភាព​ និងស្ថេរភាព​នៃតំបន់ឧទ្វីបកូរ៉េ​នៅតែដដែល មិនផ្លាស់​ឡើយ»

គួររំលឹកថា កាលពី​ថ្ងៃព្រហស្បតិ៍ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Henry Kissinger បានអំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀង ស្ដីពីអនាគត​តំបន់​ឧបទ្វីបកូរ៉េ តាមរយៈការចាប់​ផ្ដើមឡើងវិញ​ នូវកិច្ចចរចា ០៦ភាគី ដែលលោក​យល់ថា ជាជម្រើសដ៏ល្អ​ដើម្បីលុបបំបាត់​ អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានអះអាងថា កិច្ចសន្ទនារវាង​ទីក្រុង​ព្យុងយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន ទើបជាគន្លឹះ​ដោះស្រាយវិបត្តិ​ឧបទ្វីបកូរ៉េ៕