(ហ្សាការតា)៖ ប្រធានាធិបតី​ទីម័រខាងកើត (Timor-Leste) លោក ហ្វ្រង់ស៊ីស្កូ ហ្គូទែរ៉ែស (Fransisco Guterres) បានសម្រេច​ចិត្តរំលាយ​សភាចោល នៅ​ថ្ងៃសុក្រនេះ​ ដោយអំពាវនាវ​ ឱ្យមានការ​បោះឆ្នោតសភាថ្មី​មួយ បន្ទាប់ពី​មានការជាប់គាំង​នយោបាយ​នៅក្នុងប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ការរំលាយសភា​ចោលនេះត្រូវបាន​ធ្វើឡើង ក្រោយមាន​ការទាត់ចោល​ជាបន្តបន្ទាប់​នូវកម្មវិធី និងសំណើ​កញ្ចប់ថវិកាជាតិ​ នៃរដ្ឋាភិបាល​របស់ លោក Fransisco Guterres។ លោក Guterres ថ្លែងពីវិមាន​ប្រធានាធិបតី​ បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «ខ្ញុំជឿថា នៅពេល​នេះ មានតែ​ប្រជាជនតែមួយ​គត់ ដែលអាចជួយ​ដោះស្រាយវិបត្តិ​ ដែលយើង​កំពុង​ប្រឈម... ហើយ​ចេញពីចិត្តស្មោះ​របស់ខ្ញុំ ខ្ញុំសូមអំពាវនាវ​ឱ្យប្រជាជនបោះ​ឆ្នោតជាថ្មីម្ដង​ទៀត នៅក្នុងការ​បោះឆ្នោត​ថ្មីមួយ ដើម្បីលើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ​របស់យើង ឲ្យកាន់តែប្រសើរ​ឡើង»។

គួរបញ្ជាក់ថា ផែនការកញ្ចប់​ថវិការបស់រដ្ឋាភិបាល​ លោក Guterres ត្រូវបាន​សភាបដិសេធកាលពី​ខែធ្នូកន្លងទៅ បន្ទាប់ពីមាន​ការបដិសេធម្ដង​រួចមកហើយ កាលពី​ខែតុលា ឆ្នាំ២០១៧ ។ ប៉ុន្តែ ដើម្បីរៀបចំ​ការបោះឆ្នោត​ថ្មី លោក Guterres នឹងត្រូវជួប​ពិភាក្សាជាមួយ​ក្រុមអ្នក​តំណាង​គណបក្សនយោបាយ និងក្រុមប្រឹក្សា​រដ្ឋជាមុន​សិន៕