(ញូដេលី)៖ មហាយក្សទីពីរ​នៅអាស៊ី គឺប្រទេស​ឥណ្ឌា​នាថ្ងៃសុក្រនេះ​បានបង្ហាញសាច់ដុំឲ្យពិភពលោក​បានឃើញ ពីរិទ្ធិអំណាច​ផ្នែកយោ​ធា​​របស់​ខ្លួន​ ក្នុងអំឡុងការ​ធ្វើព្យុហយាត្រា​កងទ័ព នាឱកាស​ខួប​ទី​ ៦៩ នៃថ្ងៃបុណ្យសាធារណរដ្ឋ (Republic Day) នៅ​ក្នុងរដ្ឋធានី​ញូដេលី។ នេះ​បើ​តាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ព្រឹត្តិការណ៍ដ៏ធំ​ខាងលើ បានចាប់ផ្តើមឡើង​នាវេលាព្រឹក​ថ្ងៃសុក្រនេះ នៅក្រោមការ​ការពារសន្តិសុខ​ដ៏តឹងរ៉ឹងបំផុត ពុំធ្លាប់មានពីមុន​មក​នោះឡើយ ដែលរួមមាន​ការដាក់ពង្រាយ​ កងកម្លាំង​ការពារជិត ៦០,០០០នាក់ ព្រមទាំង​កាំភ្លើងប្រឆាំងយន្តហោះ និងក្រុមបាញ់​​ស៊ីប​ជាច្រើននាក់ នៅតាមដំបូល​អគារពាណិជ្ជកម្ម​ខ្ពស់ៗ នៅតាមបណ្តោយ​ដងវិថី ដែល​ព្យុហយាត្រាយោធា ប្រព្រឹត្តទៅ នៅចំពោះ​មុខ​ការគំរាមកំហែងពី​អំពើភេរវកម្ម ដែលកាន់តែ​កើន​ឡើងនោះ។

នាឱកាសនោះ​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ព្រមទាំង​បណ្តាមេដឹកនាំមក​ពីប្រជាជាតិអាស៊ានទាំង ១០ ក៏​បាន​អញ្ជើញចូល​រួមជាអធិបតីភាព​ ក៏ដូចជាទស្សនា​ពីវេទីកាបិទជិត​ដ៏ធំមួយ ដែលមានការការពារ​មិនឲ្យគ្រាប់កាំភ្លើង​បាញ់ធ្លុះ​ផងដែរ។ គួរជម្រាបថា ព្យុហយាត្រានេះ​បានបញ្ចប់​ទៅ ជាមួយការសម្តែង​ដ៏អស្ចារ្យ នៅលើ​ផ្ទៃអាកាស ដោយកងយន្តហោះ​ចម្បាំង នៃ​កង​ទ័ពជើង​អាកាស​ឥណ្ឌាផងដែរ៕