(វ៉ាស៊ីនតោន)៖ ក្រសួងរតនា​ជាតិនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បានដាក់​ទណ្ឌកម្មលើ​បុគ្គល ០៦នាក់ ដែលមានជាប់ពាក់ព័ន្ធ​នឹងក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់ និងក្រុម​សកម្មប្រយុទ្ធ Haqqani នៅ​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

យោងតាម​ក្រសួងរតនាគារ​ជាតិអាមេរិក បុរស​ទាំង ០៦នាក់ នោះគឺជាជនជាតិ​ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន​ ដែលកំពុងរស់​នៅក្នុងប្រទេស​ប៉ាគីស្ថាន ត្រូវបានហាមឃាត់​ពីប្រព័ន្ធ​ដំណើរការ ប្រព័ន្ធហិរញ្ញ​វត្ថុអាមេរិក​។ «ការសម្រេចចិត្ត​នៅថ្ងៃនេះ គឺជាការគាំទ្រ​ដល់យុទ្ធសាស្ត្រថ្មី​ សម្រាប់តំបន់អាស៊ី​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ»។ នេះជាការលើកឡើងរបស់​អនុរដ្ឋមន្ត្រី​រតនាគារ​ជាតិអាមេរិក លោកស្រី ស៊ីហ្គាល់ មែនឌែលខឺ (Sigal Mandelker)។ លោកស្រី​បន្ថែមទៀតថា «រដ្ឋាភិបាលប៉ាគីស្ថាន​ គួរតែធ្វើការងារ​ជាមួយសហរដ្ឋអាមេរិក​ ដើម្បីកាត់ផ្ដាច់​បណ្ដាញ​ផ្តល់ហិរញ្ញវត្ថុ របស់ក្រុម​តាលីបង់ និងក្រមសកម្ម​ប្រយុទ្ធ Haqqani»

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្ម​ថ្មីនេះ ធ្វើឡើងតែជាងបី​សប្ដាហ៍ប៉ុណ្ណោះ ក្រោយរដ្ឋាភិបាល​អាមេរិក ប្រកាសផ្អាកផ្ដល់ជំនួយហិរញ្ញវត្ថុដល់​ប៉ាគីស្ថាន ដោយចោទថា ទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមសកម្មប្រយុទ្ធ​តាលីបង់ និងក្រុមសកម្ម​ប្រយុទ្ធ Haqqani ដែលតែងតែ​ឆ្មក់វាយប្រហារ​ លើកងទ័ព​អាមេរិក និង​អាហ្វហ្គានីស្ថាន៕