(ប៉េកាំង)៖ រដ្ឋាភិបាលចិន​បានអំពាវនាវ​ឱ្យ បន្តការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅក្នុងតំបន់​មហាសមុទ្រទឹកកក​អាក់ទិក ជាទីដែលក្រុមអ្នក​ជំនាញមើលឃើញថា អាចនឹង ក្លាយជាកន្លែង​ដណ្ដើម​ឥទ្ធិពល និងឧស្ម័នធម្មជាតិ​រវាងមហាអំណាច​ពិភពលោក នៅពេល​អនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះ​របស់ទីក្រុង​​ប៉េកាំង ធ្វើឡើងនៅ​ក្នុងសៀវភៅស​ ស្ដីពីគោល​នយោបាយ​​​ចិន​ លើមហាសមុទ្រ​អាក់ទិក ចេញផ្សាយ​នៅថ្ងៃសុក្រ​នេះ។ ក្នុងសៀវភៅ​ដដែល​ចិនបាន កត់សម្គាល់​យ៉ាងដូច្នេះថា «ប្រទេសចិន​បានធ្វើ​ការងារ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ ក្រោមគោលនយោបាយ​សេដ្ឋកិច្ច​ខែ្សក្រវាត់ និងផ្លូវ អនុឡោម​តាមគោលការណ៍​ពិគ្រោះយោបល់ យ៉ាងស៊ី​ជម្រៅ, ចែករំលែក​ផលប្រយោជន៍​រួមគ្នា ក៏ដូចជាផ្ដោត​សំខាន់លើគោល​នយោបាយ​សម្របសម្រួល, ផ្សាភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ, ពាណិជ្ជកម្ម​សេរី, សមាហរណកម្ម​សេដ្ឋកិច្ច និងបង្កើតទំនាក់​ទំនងកាន់​តែជិតស្និទ្ធ រវាង​ប្រជាជន និងប្រជាជន»

គួរបញ្ជាក់ថា នៅក្នុងសៀវភៅ​សរបស់ខ្លួន ទីក្រុង​ប៉េកាំង​ក៏បានអំពាវនាវ​ឱ្យមានកិច្ចព្រមព្រៀង​អន្តរជាតិមួយ​សម្រាប់គ្រប់គ្រង​ធនធានជលផល​ នៅក្នុងតំបន់​មហាសមុទ្រ​អាក់ទិច​ ព្រមទាំង​អនុញ្ញាតក្នុងការស្រាវជា្រវ​វិទ្យាសាស្ត្រ និងការនេសាទ​នៅក្នុងតំបន់ ក្រោមកិច្ចការពារ​ពីបណ្ដារដ្ឋពាក់ព័ន្ធ​ទំាងអស់ អនុឡោមតាម​ច្បាប់​អន្តជាតិ៕