(សេអ៊ូល)៖ សាធារណរដ្ឋ​ដូមីនីក បានច្រានចោល​ការដាក់មន្ទិល​សង្ស័យ ដែលថា​នាវាដឹកប្រេងមួយ​គ្រឿង​របស់ខ្លួន បានលួចផ្ទេរ​ប្រេង​ទៅឲ្យនាវា​ដឹកប្រេង​មួយគ្រឿងទៀត ដែលជារបស់​កូរ៉េខាងជើង នៅដែនសមុទ្រចិន​ខាងកើត បំពានទៅលើ​ទណ្ឌ​កម្ម​របស់​​អង្គការ​សហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

នៅមុនមានការចេញមុខ​អះអាងពីភាព​ស្អាតស្អំនេះ រដ្ឋាភិបាល​ជប៉ុន​បានឲ្យដឹងថា​យន្តហោះល្បាត​​នៃកងការពារដែន​សមុទ្រ​របស់​ខ្លួន បានថតយករូបភាព​ជាច្រើន​សន្លឹក ពីសកម្មភាព​ផ្ទេរទំនិញដោយ​ខុសច្បាប់ គឺការផ្ទេរប្រេងពី​នាវា​ដឹកប្រេង Yuk Tung មានទង់​ជាតិរបស់​ដូមី​​នីក ទៅឲ្យ​នាវាដឹក​ប្រេង Rye Song Gang របស់​កូរ៉េខាងជើង នៅក្នុងដែន​សមុទ្រក្បែរ​ទីក្រុងសៀងហៃ ប្រទេស​ចិន។ ភ្លាមៗ​​ទីក្រុង​តូក្យូ ក៏បានរៀបចំ​របាយការណ៍​ពាក់ព័ន្ធ ផ្ញើជូនទៅកាន់​អង្គការសហប្រជាជាតិ​ផងដែរ។

ឆ្លើយតបចំពោះ​រឿងនេះ ក្រសួងការបរទេស​ដូមីនីក​បានចេញមុខ​បញ្ជាក់ថា ពុំមាននាវា​របស់ខ្លួនមួយ​គ្រឿងណា ដែលបាន​ធ្វើ​ការ​ទាក់ទង​ជាមួយនាវាដឹក​ប្រេង​របស់កូរ៉េខាងជើង នៅលើសមុទ្រចិន​ខាងកើត ដើម្បីធ្វើ​សកម្មភាព ដែលត្រូវបានហាមប្រាមដោយអង្គការ​សហប្រជាជាតិ​ នោះឡើយ។ ម៉្យាងវិញទៀត ក្រសួងដដែលនេះ​បានបញ្ជាក់ថា សាធារណរដ្ឋ​ដូមីនីក ពុំមាននាវា​ដឹកប្រេង​ ដែល​ដោតទង់ជាតិ​ខ្លួនឯងឡើយ។ ដោយឡែក ម្ចាស់ពិតប្រាកដ​នៃនាវាដឹកប្រេង ដោតទង់ជាតិ​ដូមីនីកកំពុងជាប់​សង្ស័យនេះ ត្រូវគេរាយ​ការណ៍​ថា តាមពិត​គឺជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន Yuk Tung Energy Pte នៃប្រទេស​សិង្ហបុរី​ទៅវិញទេ។

គួរជម្រាបថា សេចក្តីសម្រេចលេខ ២៣៧៥ របស់យូអិន ដែលត្រូវបាន​អនុម័តកាលពី​ខែកញ្ញាឆ្នាំទៅ បានដាក់បម្រាម​ទៅលើ​បណ្តា​​ប្រទេស​ជាសមាជិក អំពីការផ្ទេរ​ទំនិញគ្រប់ប្រភេទ​ក្នុងលក្ខណៈពី​នាវាទៅនាវា សម្រាប់ប្រទេស​កូរ៉េខាងជើង ហើយសេចក្តី​សម្រេច​លេខ ២៣៩៧ ដែលត្រូវបាន​អនុម័តកាលពី​ខែធ្នូ ឆ្នាំ២០១៧ អនុញ្ញាតឲ្យ​​ប្រទេស​ណាមួយ អាចឃាត់​និងស៊ើបអង្កេត ទៅលើនាវា​ ឬ​កប៉ាល់ទាំងឡាយ​ណា ដែលជាប់​សង្ស័យថា បានប្រព្រឹត្ត​សកម្មភាព ដែលត្រូវ​បានហាមឃាត់៕​​