(វ៉ាស៊ីនតោន)៖ ចាប់តាំងតែ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានឡើងកាន់​អំណាចបន្ត​ពី លោក បារ៉ាក់ អូបាម៉ា ​កម្រិត​យល់ស្រប​ពីអន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក បានធ្លាក់ចុះ​ជាបន្តបន្ទាប់​ រហូតដល់កម្រិត​ដ៏ទាប គឺ​ត្រឹមតែ ​៣០ភាគរយ​ប៉ុណ្ណោះ។ នេះបើតាម​ការស្ទង់មតិថ្មីមួយ​ដោយ​ ស្ថាប័នដ៏ល្បី Gallup ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃ​សុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​នោះគឺថា តំបន់មួយចំនួន​​បែរជាគាំទ្រ​ភាពដឹកនាំ​របស់ចិន ជាជាងសហរដ្ឋអាមេរិក​ទៅវិញ បើតាមការ​ស្ទង់​មតិខាងលើ ដែលបាន​ចេញផ្សាយកាលពី​ពេលថ្មីៗនេះ តួយ៉ាងប្រជាជន​នៃតំបន់​អាមេរិកឡាទីន ប្រមាណ ២៨ភាគរយ ត្រូវ​បាន​​គេរកឃើញថា មានការ​គាំទ្រខ្លាំង ចំពោះភាពដឹកនាំ​របស់ប្រទេស​ចិន ខណៈមានតែ ២៤ភាគរយប៉ុណ្ណោះ ដែលពួកគេ​យល់ស្រប ​ចំពោះ​ភាពជាអ្នកដឹកនាំ​របស់អាមេរិក។

បើតាមការស្ទង់មតិ​ដដែល នៅក្នុងតំបន់​អាស៊ី មនុស្សរាល់គ្នា​ភាគច្រើន​មើលឃើញ​រដ្ឋាភិបាល​ចិន​ ​មានលក្ខណៈល្អ​ជាងរដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក។ នៅក្នុងការ​ស្ទង់មតិទ្រង់ទ្រាយធំ​នេះ មានតែតំបន់​អាហ្រ្វិក​ប៉ុណ្ណោះ ដែល​គេ​សង្កេត​ឃើញថា នៅតែមានភាព​ស្មោះត្រង់​ ចំពោះ​សហរដ្ឋអាមេរិក។

ជុំវិញរឿងនេះក្រុម​អ្នកជំនាញ បានឆ្លៀតឱកាសចែក​រំលែកទស្សនៈ​របស់ពួកគេថា តើការសម្រេចចិត្ត​លើគោល​នយាបាយ​បរទេស​​​ណាខ្លះៗ​​របស់ លោក ដូណាល់ ត្រាំ ដែលបាន​បង្កឲ្យ​មាន​ការធ្លាក់ចុះ​ នៃកម្រិត​ប្រជាប្រិយភាព​របស់សហរដ្ឋអាមេរិក​បែបនេះ ជា​ពិសេសនៅ​តាមបណ្តាប្រទេស​មួយចំនួន នៅអឺរ៉ុប​ខាងលិច។

មូលហេតុមួយ​ក្នុងចំណោម​នោះគឺថា ក្នុងនាមជា​ប្រធានាធិបតី នៃប្រទេសមហាអំណាច​មួយ​របស់ពិភពលោក លោក ត្រាំ ប្រើ​ប្រាស់​​យុទ្ធសាស្រ្ត​នយោបាយ ដែលត្រូវគេចាត់​ទុកថា ជាវិធីសាស្រ្តរើស​អើងពូជសាសន៍ និងជាតិ​និយម។ កត្តាផ្សេង​ទៀត រួមមានភាព​​​បរា​ជ័យ​ក្នុង លោក ត្រាំ ក្នុងការ​បង្ហាញពីការ​ប្រកាន់ខ្ជាប់​របស់លោក ចំពោះទំនួល​ខុសត្រូវទៅលើកិច្ច​ព្រមព្រៀង​អន្តរជាតិ, គោលការ​ណ៍​តម្កល់ផលប្រយោជន៍​ជាតិ​អាមេរិកជាធំ ដោយមិនខ្វល់​ពីសារៈសំខាន់​អន្តរជាតិ, ការសម្រេចចិត្ត​ជាឯកតោភាគី​ ទៅលើ​ទីក្រុង​​​ហ្សេរុយសាឡឹម​ដ៏ចម្រូងចម្រាស, ការចង់បំផ្លាញ​កិច្ចព្រមព្រៀង​​ជាប្រវត្តិសាស្រ្ត​ ស្តីពីកម្មវិធី​នុយក្លេអ៊ែរ ដែលសម្រេច​​ដោយ​អ៊ីរ៉ង់​និងមហាអំណាច​ពិភពលោកមួយ​ចំនួនទៀត​ជាដើម។

គួរជម្រាបថា មិនតែនៅ​ក្រៅប្រទេស​ប៉ុណ្ណោះទេ កម្រិតប្រជាប្រិយភាព​របស់ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏មានការធ្លាក់ចុះ​ផង​ដែរ​នៅក្នុង​សហរដ្ឋអាមេរិក​ផ្ទាល់ ដោយភាគច្រើន​ពលរដ្ឋអាមេរិក បានបង្ហាញ​ការមិនយល់ស្រប​នោះឡើយ ចំពោះរបៀបដឹកនាំ​​របស់​​លោក ដូណាល់ ត្រាំ ក្នុងរយៈពេល​ប្រមាណជាមួយឆ្នាំ​កន្លង​ទៅនេះ​៕