(ប៉េកាំង)៖ អ្នកនាំពាក្យ​យោធាចិន​បានបង្ហើប​ឲ្យដឹងថា កងកម្លាំងជំនាញប្រើប្រាស់​គ្រាប់​រ៉ុក្កែត​ នៃកងទ័ពរំដោះ​ប្រជាជន​ចិន PLA ទើបតែបាន​បញ្ចប់​​ការបង្កើន​សមត្ថភាព ទៅលើប្រព័ន្ធ​មីស៊ីលផ្លោង​របស់ខ្លួន ខណៈដែល​បញ្ហាក្នុងតំបន់អាស៊ីខាងកើត នៅតែជាការប្រឈមមុខ​ដ៏​ធំ​សម្រាប់មហា​អំណាច​លេខ ១ នៅអាស៊ី​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

នាថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ អ្នកជំនាញ​វិស័យយោធា​ម្នាក់​របស់ចិន បានប្រាប់​សារព័ត៌មាន Global Times ថា សមត្ថភាព​ស៊ូទ្រាំ និង​ចល័ត​​នៃប្រព័ន្ធមីស៊ីលវាយប្រហារ​ជា​យុទ្ធសាស្រ្ត នៃកងរ៉ុក្កែត​របស់យោធា​ចិន ទើបតែត្រូវបាន​ធ្វើឲ្យប្រសើរ​ឡើងបន្ថែម​ទៀត។ នាថ្ងៃ​ដដែល អ្នកនាំពាក្យ​នៃក្រសួង​ការពារជាតិចិន លោក Ren Guoqiang បានថ្លែងនៅ​ចំពោះមុខក្រុម​អ្នក​សារព័ត៌មានថា «កង​​មីស៊ីល គឺជាផ្នែក​ចម្បង​នៃយុទ្ធសាស្រ្ត​ការពារខ្លួន​របស់ចិន និងជា​សសរស្តម្ភ ដើម្បី​ទ្រទ្រង់​ចិនក្នុង​នាមជា ប្រទេសមហាអំណាច​មួយ ហើយ​ក៏​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ដើម្បីថែរក្សា​ការពារ​សន្តិសុខជាតិ​ផងដែរ»។

លោក Ren បានបន្តថា «វាគឺជារឿងធម្មតា និងជាភាពចាំបាច់ ដែលកងមីស៊ីល​របស់យើង ធ្វើការអភិវឌ្ឍ​ និងធ្វើបច្ចុប្បន្នភាព ទៅ​លើគ្រឿង​សព្វាវុធ​របស់ខ្លួន ហើយវាក៏ជា​ទម្លាប់ក៏ដូចជា​ការអនុវត្ត​ជាទូទៅផងដែរ សម្រាប់​ប្រទេស​ដទៃៗទៀត ក្នុងការធ្វើទំនើប​កម្ម​ទៅលើវិស័យ​យោធា​របស់​ពួកគេ»។

គួរជម្រាបថា យ៉ាងណាមិញ​អ្នកនាំ​ពាក្យរូបនេះ ពុំបានបញ្ជាក់​នោះ​ឡើយថា តើ​មីស៊ីល​ប្រភេទ​ណាខ្លះ ត្រូវបានបង្កើន​សមត្ថភាព ឬក៏ថា តើមីស៊ីល​ដែលកាល​ពីមុន ស្ថិតក្រោមដំណាក់​កាលអភិវឌ្ឍន៍នៅឡើយ​នោះ នាពេលនេះត្រូវ​បានដាក់​ឲ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​ដែរ ឬយ៉ាង​ណា៕