(ការ៉ាកាស់)៖ រដ្ឋាភិបាល​វេណេស៊ុយអេឡា បានសម្រេចចិត្ត​បណ្ដេញអគ្គរដ្ឋទូត​អេស្ប៉ាញ​ប្រចាំទីក្រុង​ការ៉ាកាស់ លោក ចេស៊ូស ស៊ីលវ៉ា ហ្វែណាន់ដែស (Jesús Silva Fernández) ចេញពីប្រទេសដោយចោទលោក ថា បានជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​ផ្ទៃក្នុង​ វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨។

ជុំវិញការ​សម្រេចចិត្តនេះ រដ្ឋាភិបាលអេស្ប៉ាញ​បានទាត់ចោលរាល់​ការចោទប្រកាន់​ទាំងឡាយ និងអះអាងថា ខ្លួនអាចនឹងចាត់​វិធានការ​ឆ្លើយតបវិញ។ យ៉ាងណា​ក៏ដោយ ការប្រកាស បណ្ដេញ​អគ្គរដ្ឋទូត​អេស្ប៉ាញ លោក Jesús Silva Fernández កើតមានឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប បានដាក់ទណ្ឌកម្មថ្មី​ហាមឃាត់​ការធ្វើដំណើរ និងបង្កកទ្រព្យ​សម្បត្តិ​ មន្ត្រីជាន់​ខ្ពស់វេណេស៊ុយអេឡា សរុប ០៧នាក់។ ចំណែកឯ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទ​ប្រកាន់ត្រង់ៗ​តែម្ដងថា អេស្ប៉ាញជា​អ្នកជំរុញឱ្យ​សហភាពអឺរ៉ុប ដាក់​ទណ្ឌកម្មនេះ ក៏ដូចជារួមគំនិតចង់ទម្លាក់រូបលោក​ពី​តំណែង។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានសម្ដែង​ការព្រួយបារម្ភជា​ខ្លាំង ទាក់ទិន​នឹងការរំលោភ​សិទ្ធិមនុស្ស នៅវេណេស៊ុយអេឡា នៅអំឡុង​បាតុកម្មតវ៉ាប្រឆាំង​រដ្ឋាភិបាល ដែលបានបណ្ដាលឱ្យ​មនុស្ស ១២០នាក់ បាត់​បង់ជីវិត​កាលពី​ឆ្នាំ២០១៧។ ដោយឡែក​កាលពីខែធ្នូ កន្លងទៅ រដ្ឋាភិបាល​ទីក្រុង​ការ៉ាកាស់ ក៏បានបណ្ដេញ​អគ្គរដ្ឋទូត​កាណាដា និងប្រេស៊ីល​ផងដែរ ដោយចោទថា បានជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ហើយជាការសងសឹក​ប្រេស៊ីល និងកាណាដា បានសម្រេច​ចិត្តបណ្ដេញអគ្គរដ្ឋទូត​វេណេស៊ុយ​អេឡា​វិញដែរ៕