(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បានធ្វើដំណើរ​ទៅដល់ប្រទេសស្វីស​ហើយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួម​ក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោក ក្នុងទីក្រុង Davos ជាទីដែលលោក​ត្រូវបានគេរំពឹង​ថានឹងដាក់សម្ពាធ​លើអ្នកសកលភាវូបនីយកម្ម​និយម តាមរយៈគោល​នយោបាយ​តម្កល់អាមេរិក​មុនគេ ឬ «America First» របស់​លោក៕

២៖ កម្រិតសីតុណ្ហភាព​លើផ្ទៃ​ពិភពលោក កាលពីចន្លោះ​ឆ្នាំ២០១៤ និងឆ្នាំ២០១៦ មានការស្ទុះឡើងជា​ខ្លាំង ដែលប្រការ​នេះ​​ធ្វើ​​កម្រិតកម្តៅសរុប​នៅលើពិភពលោក គិតចាប់តាំង​ពីឆ្នាំ១៩០០មក កើនឡើងជាង ២៥ភាគរយ ក្នុងរយៈពេល​ត្រឹម០៣ឆ្នាំ​​ប៉ុណ្ណោះ៕

៣៖ អង្គការវិទ្យាសាស្រ្ត​នៃប្រទេសអូស្រ្តាលី បានសហកា​រជាមួយក្រុមហ៊ុនមួយ​ ស្ថិតក្នុងទីក្រុង​សាន់ហ្រ្វាន់ស្កូ នៃ​​សហរដ្ឋ​អា​មេ​រិក​ ​ដើម្បីលើកកម្ពស់​វិធានការក៏ដូចជាការពិនិត្យ តាមដាន​របស់ខ្លួន ទៅលើស្ថានភាព​ដែនសមុទ្ររបស់​អូស្រ្តាលី៕

៤៖ សាកលវិទ្យាធិការ ​នៃសាកលវិទ្យាល័យ Michigan State University លោកស្រី លូ អាន់ណា ស៊ីម៉ុន (Lou Anna Simon) បាន​សម្រេចចិត្ត​លាលែងចេញ​ពីមុខតំណែង​ហើយ កាលពីថ្ងៃពុធ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ក្រោយមាន​ការរិះគន់ជា​បន្តបន្ទាប់ ជុំវិញការដោះស្រាយ​របស់សាកលវិទ្យាល័យ​មួយនេះ ពាក់ព័ន្ធនឹង​ចោទប្រកាន់​ពីបទរំលោភបំពាន​ផ្លូវភេទប្រឆាំងនឹងអតីត​គ្រូពេទ្យកីឡា​ម្នា្នក់៕

៥៖ មនុស្សយ៉ាង​ហោចណាស់ ០២នាក់ស្លាប់ និង១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ក្រោម​ស្ថានភាព​រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថភ្លើង​ដែលពួកគេ​ជិះបានរអិល ធ្លាក់ផ្លូវ​នៅក្បែរ​ទីក្រុង Milan​ ប្រទេស​អ៊ីតាលី៕

៦៖ ប្រជាជនក្នុង​​ទីក្រុងប៉ារីស ត្រូវបានណែនាំឱ្យ​ស្ថិតនៅឆ្ងាយពី​ទន្លេសែន ដោយកម្ពស់ទឹកបន្ត​កើនឡើង រីឯផ្លូវជាច្រើន​ត្រូវជន់លិច ​ហើយ​ការធ្វើចរាចរណ៍​ត្រូវផ្អាក​សកម្មភាព ជាបណ្ដោះអាសន្ន៕

៧៖ ក្រុមកីឡាការិនី​វាយកូនបាល់​លើទឹកកក ឬ ice hockey របស់​កូរ៉េខាងជើងបានឆ្លងកាត់​ព្រំដែន​អន្តរកូរ៉េ នៅថ្ងៃព្រហស្បតិ៍នេះ ឆ្ពោះមក​កាន់ប្រទេស​កូរ៉េខាងត្បូង ដើម្បីចូលរួម​ការហាត់សមរួមគ្នា​ ជាមួយក្រុមកីឡាការិនី​វាយកូលបាល់​លើទឹកកក​កូរ៉េខាងត្បូង៕