(អង់ការ៉ា)៖ ក្រុមរៀបចំផែនការយោធានៃក្រសួងការពារជាតិ បានធ្វើការសំរេចចិត្តជាយូរមកហើយថា មិនទុកចិត្តលើរបប​ដឹកនាំ​របស់​​ប្រធានាធិបតីតួកគី រីសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) ដែលជាអ្នកជួយផ្តត់ផ្គង់ផ្នែកហិរញ្ញវត្ថុ​​និងសព្វាវុធ ព្រមទាំង​ការហ្វឹកហាត់​ក្រុមជីហាដ់ជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។

បន្ទាប់ពីបានសាកល្បងហើយម្តងទៀតទៅលើលោក អឺដូហ្គាន់ ចាប់តាំងពីឆ្នាំ២០១១មក សហរដ្ឋអាមេ ក៏ចាប់ផ្តើមដឹងថា​​មេ​ដឹក​នាំ​រូប​នេះ មិនមែនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានទេ ទោះបីជាមានការសន្យាធ្វើឡើងដោយលោក អឺដូហ្គាន់ និងអ្នកតំណាង​របស់​លោកនៅតុចរចាក៏ដោយ។

ជាលទ្ធផលមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ត្រូវបានបង្ខំឱ្យងាកទៅរកកងកម្លាំងប្រដាប់អាវុធដ៏ល្អបំផុតវិញ គឺក្រុម​ឃើដ​ដែល​មានសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ (PKK)។ វាជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រមួយនៃមន្ទីរបញ្ចកោណ ជាជាងការជ្រើសរើសជាយុទ្ធសាស្ត្រ ខណៈដែលក្រុមមេបញ្ជាការទ័ពអាមេរិក បានដឹង​ច្បាស់ថា តម្លៃរបស់តួកគី ដែលមានកម្លាំង​​ទ័ព​​ធំ​​បំផុត​លំដាប់ទីពីរ នៅក្នុងអង្គការណាតូ (NATO) មានសារៈសំខាន់ខ្លាំងជាង អត្ថប្រយោជន៍ដែលពួកខ្លួនទទួលបាន ពីកង​ជីវ​ពល​​ឃើដ​ដែលពួកគេផ្គត់ផ្គង់អាវុធឱ្យ។

ក្រុមមេបញ្ជាការយោធាអាមេរិក បានគិតថាចំណងទាក់ទងដ៏រឹងមាំរវាងអាមេរិកនិងតួកីគី ​នៅ​កម្រិតយោធា​នឹងបន្សាបទៅលើ​សំឡេងរំខានផ្សេងៗពីថ្នាក់ដឹកនាំផ្នែកនយោបាយរបស់តួកគេ។ នៅពេលប្រទេសស៊ីរី មានស្ថិរ​ភាពឡើងវិញ ​ហើយ​ការ​គំរាម​កំហែង​ពី​ក្រុម​សកម្មប្រយុទ្ធជ្រុលនិយម ត្រូវកម្ចាត់ចោលនោះ ផែនការ​របស់​មន្ទីរបញ្ច​កោណ​គឺ​ត្រូវងាក​ត្រឡប់​ទៅ​ធ្វើការ​ទាក់​ទងដូច​ធម្មតា​វិញជាមួយ​ប្រទេស​តួកគី។

អ្វីដែលមន្ទីរបញ្ចកោណ បានមើលរំលងនោះគឺ ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបានរៀបចំឡើងដោយលោក អឺដូហ្គាន់ ខ្លួនឯងផ្ទាល់ កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលធ្វើឱ្យឥទ្ធិពលកម្លាំងយោធានៅក្នុងប្រទេស ចុះខ្សោយនិង​ផ្លាស់ប្តូរវា​ទៅជាឧបករណ៍​នយោ​បាយ​ ​ដើម្បីសម្រេចបាននូវគោលដៅអ៊ីស្លាមនិយមរបស់លោកនៅក្នុងតំបន់។

ពួកមន្ដ្រីគាំទ្រប្រទេសលោកខាងលិច ដែលបានបម្រើការនៅអង្គការណាតូ ភាគច្រើន ត្រូវបានគេបណ្តេញចេញពីមុខតំណែង ឬ​ក៏ត្រូវ​ចាប់ដាក់គុកពីបទចោទប្រកាន់មិនភាពពិតប្រាកដ ហើយពួកគេទាំងអស់នោះ ត្រូវជំនួសមកវិញដោយមន្ដ្រី​អ្នកស្នេហាជាតិ​បែប​ថ្មី ព្រមទាំង​មន្រ្តីអ៊ីស្លាមនិយម ដែលមានទំនោរប្រឆាំងនិងលោកខាងលិច។

ភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ដែលលោក អឺដូហ្គាន់ បានចាត់ទុកថាជាពរជ័យរបស់ព្រះជាម្ចាស់ លោកប្រធានាធិបតីតួក​គី​រូបនេះ បានបង្ខិតបង្ខំកម្លាំងយោធា ​ឲ្យចូលពាក់ព័ន្ធក្នុងការលុកលុយនៃទីក្រុង Jarablus របស់ប្រទេសស៊ីរី ដោយ​គ្រប់​គ្រង​​កាន់កាប់​បាន​តំបន់​មួយ ​លាតសន្ធឹងប្រហែល២,០០០គីឡូម៉ែត្រការ៉េ។
កងជីវពលដែលទទួលបានការបណ្ដុះបណ្ដាលដោយតួកគី ត្រូវបានគេដាក់ពង្រាយដើម្បីការពារសន្តិសុខ នៅ​ក្នុង​តំបន់​ដែល​គាំទ្រ​ដោយ​យោធារបស់តួកគី។ បច្ចុប្បន្ននេះ លោក អឺដូហ្គាន់ កំពុងធ្វើដូចគ្នាជាមួយទីក្រុង Afrin ជាទីដែល​ពួក​ឧទ្ទាម​ គាំទ្រ​ដោយតួកគី​កំពុងប្រយុទ្ធដើម្បីដណ្ដើមយកក្រុងនេះ នៅក្រោមរូបភាពនៃការប្រហារទាំងតាមផ្លូវគោកនិងផ្លូវអាកាស ពី​កង​ប្រដាប់​អាវុធ​តួក​គី​។

វាច្បាស់ណាស់ថា លោក អឺដូហ្គាន់ ពិតជាបានចុះកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដែលអនុញ្ញាត ឱ្យ​កង​ទ័ព​​អាកាស​តួកគី ប្រើ​ប្រាស់​ដែនអាកាសស៊ីរីយ៉ាងសេរី ដោយមិនបង្កឱ្យមានការបាញ់តបតពីប្រព័ន្ធការពារដែនអាកាស ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងដាម៉ាស។

អាមេរិកមិនចូលចិត្តអ្វី ដែលលោក អឺដូហ្គាន់ បាននិងកំពុងធ្វើនោះឡើយ ប៉ុន្តែបានសំរេចចិត្តយល់ព្រម ចំពោះ​ប្រតិបត្ដិការ​យោធា​ទ្រង់ទ្រាយធំនេះ តែ​ត្រូវមានដែន​កំណត់ ដែលប្រការនេះប្រហែល ដើម្បីសម្រាលការត្អូញត្អែរ​និងរង្គាសចិត្តខ្លះៗ របស់​ទីក្រុង​អង់​កា​រ៉ា​។

ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានដឹងថាច្បាស់ថា លោក អឺដូហ្គាន់មិនអាចធ្វើអ្វីបានច្រើន ដើម្បីផ្លាស់ប្តូរ​ល្បែងមួយនេះ​បានឡើយ ហើយនៅទីបំផុតនោះនឹងត្រូវប្រគល់ តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់តួកគី ទៅឲ្យរដ្ឋាភិបាលស៊ីរីវិញ។ លោក​
ប្រធានាធិបតីតួកគី ក៏ចង់បង្ហាញផងដែរថា លោកគឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ឬ​ជា​បុរស​ម្នាក់​ដែលអាច​ប្រកាន់យកនូវក​គោល​នយោបាយដ៏កម្លោចផែនដី នៅក្នុងប្រទេសស៊ីរីបាន នៅពេលដែលរូបលោកបានដាក់ការតាំងចិត្តក៏ដូចជាប្តេជ្ញាហើយនោះ។

តាមរយៈការធ្វើដូច្នេះ លោក អឺដូហ្គាន់ បានយល់ឃើញថា រូបលោកនឹងអាចបង្កើនអំណាចចរចារបស់ខ្លួន នៅ​ពេល​ដែល​ការ​​ស្វែង​រកដំណោះស្រាយផ្នែក​នយោ​បាយ រៀបនឹងលេចឡើង ហើយនឹងត្រូវធ្លាក់ទៅលើលើតុចរចានាពេលឆាប់ៗ។
គួរជម្រាបថា ​ជាលទ្ធផល ប្រតិបត្តិការប្រហារយោធារបស់តួកគីនៅក្នុងទីក្រុង Afrin របស់​ស៊ីរី​គឺ​​ហាក់​បី​ដូច​ជា​ ​សមរភូមិ​ផ្ទាល់​ខ្លួន​សម្រាប់​លោក អឺដូហ្គាន់ ជាជាង​ដើម្បីការការពារផលប្រយោជន៍ជាតិ របស់ប្រទេសតួកគីទាំងមូល។ ប្រសិន​បើលោកពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​សាមគ្គី​ភាពនៃប្រជាជាតិតួកគី ម្ល៉េះលោក អឺដូហ្គាន់ នឹង​ដោះស្រាយ​បញ្ហា​របស់​ជន​ជាតិ​ឃើដ​​នៅក្នុងប្រទេសរបស់​ខ្លួន​ ជា​ជាងធ្វើ​ការ​គៀបសង្កត់ និងរារាំងជនជាតិឃើដ៕