(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន លោក ខាវ៉ាចា មូហាំម៉ាដ អាស៊ីហ្វ (Khawaja Muhammad Asif) បាននិយាយថា ប៉ាគីស្ថានមានបំណង​ពង្រឹងទំនាក់ទំនង​យោធាជាមួយរុស្ស៊ី ជាពិសេសគឺ​ក្នុងកិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ ព្រមទាំងចង់ឃើញ​ផងដែរការវិយោគ​របស់រុស្ស៊ី កាន់តែ​ច្រើននៅក្នុង​វិស័យ​ថាមពល។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

ការលើកឡើង​បែបនេះរបស់ លោក Muhammad Asif ធ្វើឡើង​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ Sputnik កាលពី​ថ្ងៃពុធ និងនៅចំពេល​ដែលទីក្រុង​អ៊ីស្លាម៉ាបាដ កំពុងមាន​ភាពតាងតឹង ជាមួយ​សហរដ្ឋអាមេរិក ក្រោយរដ្ឋបាល​លោក ដូណាល់ ត្រាំ ប្រកាសផ្ដាច់​ជំនួយយោធាដល់​ប៉ាគីស្ថាន។

រដ្ឋមន្ត្រី​ការបទេសរូបនេះ បានគូសបញ្ជាក់​ដូច្នេះថា «កិច្ច​សហប្រតិបត្តិការ​យោធា របស់យើង​ជាមួយរុស្ស៊ីមាន​ភាពកាន់តែល្អ​ប្រសើរឡើង ក្នុងរយៈពេល ០៤ឆ្នាំ ចុងក្រោយនេះ ហើយក្នុង​នាមជាអតីតរដ្ឋមន្ត្រី​ការពារជាតិ ខ្ញុំយល់ច្បាស់ពី​រឿងនេះ។ ប៉ុន្តែវានៅ មានចន្លោះ ប្រហោងមួយ​ចំនួនត្រូវបំពេញ​បន្ថែម​ ខណៈយើង​កំពុងស្វែងរកការ​បង្កើនកិច្ច​សហប្រតិបត្តិការ​របស់យើង​ជាមួយ​ទីក្រុងម៉ូស្គូ ជាពិសេសគឺ​ការប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ ក៏ដូចជា ទាក់ទាញ​ការវិនិយោគពីរុស្ស៊ី​ កាន់ច្រើននៅក្នុងវិស័យថាមពល ប្រេង ឧស្ម័ន និងអគ្គិសនី​ជាដើម»

គួរបញ្ជាក់ថា បើតាម​លោក Khawaja Muhammad Asif រុស្ស៊ី និងប៉ាគីស្ថានមាន​ផលប្រយោជន៍​រួមគ្នា សម្រាប់ការ​ប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ ឧក្រិដ្ឋជន​គ្រឿងញៀន ការរត់ពន្ធមនុស្ស និងការផ្សះផ្សា​ជម្លោះនៅ​អាហ្វហ្គានីស្ថាន។ ជាងនេះទៅ​ទៀត លោកក៏​បានអះអាង​ដែរថា ប៉ាគីស្ថាន មានគំរោង​ធ្វើសមយុទ្ធយោធា​រួមគ្នា​ជាមួយរុស្ស៊ី នៅឆ្នាំ២០១៨នេះ៕