(អាមេរិក)៖ កម្រិតសីតុណ្ហភាព​លើផ្ទៃ​ពិភពលោក កាលពីចន្លោះ​ឆ្នាំ២០១៤ និងឆ្នាំ២០១៦ មានការស្ទុះឡើងជា​ខ្លាំង ដែលប្រការ​នេះ​​ធ្វើ​​កម្រិតកម្តៅសរុប​នៅលើពិភពលោក គិតចាប់តាំង​ពីឆ្នាំ១៩០០មក កើនឡើងជាង ២៥ភាគរយ ក្នុងរយៈពេល​ត្រឹម ០៣ឆ្នាំ​​ប៉ុណ្ណោះ។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មី​មួយ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

កម្រិតសីតុណ្ហភាព​លើផ្ទៃដី​ជាមធ្យមនៃភព​ផែនដី បានហក់ឡើង​ប្រមាណ ០.៩អង្សាសេ ដោយគិត​ចាប់ពីឆ្នាំ១៩០០ រហូតដល់ ឆ្នាំ​២០១៣។ តាមរយៈការ​វិភាគទៅលើ​កំណត់ត្រា​ផ្សេងៗ ស្តីពីសីតុណ្ហភាព​ពិភពលោក Jianjun Yin ដែលជាអ្នកវិទ្យាសាស្រ្ត​មកពី​សាកល​វិទ្យាល័យ​អារីហ្សូណា នៃសហរដ្ឋអាមេរិក ព្រមទាំង​ក្រុមការងារ បានរកឃើញថា នៅចុង​ឆ្នាំ២០១៦ កម្រិត​សីតុណ្ហភាព​​លើផ្ទៃភព​របស់យើង ក៏បានកើន​ឡើង ០.២៤ភាគរយបន្ថែមទៀត។

ប្រការនេះពិតជាគួរឲ្យ​ព្រួយបារម្ភខ្លាំងណាស់ ដែលបរិយាកាស​នៃភពផែនដី អាចកើនឡើង​កម្តៅយ៉ាងច្រើន ក្នុងរយៈពេល​យ៉ាងខ្លី​បែបនេះ។ ម៉្យាងវិញទៀត បើតាមការ​សង្កេត ការស្ទុះឡើង​នៃកម្រិតកម្តៅ កាលពី​ឆ្នាំ២០១៤ និង២០១៦នេះ គឺចំពេល​កើត​មានព្រឹត្តិការណ៍​អាកាសអាក្រក់​ទូទាំងពិភពលោក រួមមាន​រលកកម្តៅ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការរំលាយផ្ទាំង​ទឹកកកធំៗ​​នៅតំបន់ប៉ូល​ជាដើម៕