(ម៉ូស្គូ)៖ វាលែងជារឿងអាថ៌កំបាំងទៀត​ហើយ ដែល​សហរដ្ឋអាមេរិកបានបង្កើន​ការដាក់​ពង្រាយបរិក្ខា​យោធា និងកងទ័ពនៅ​លើតំបន់​ឧបទ្វីបកូរ៉េ ចាប់តាំងពី​ទីក្រុងព្យុងយ៉ាង ចាប់ផ្ដើម​ធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប កាលពីខែមករា ឆ្នាំ២០១៧មក។ ប៉ុន្តែ​ទន្ទឹមគ្នា ការបង្កើន​សកម្មភាព​យោធានេះ ត្រូវបានក្រុមអ្នក​ជំនាញខ្លះ​មើលឃើញថា មន្ទីរ Pentagon ហាក់ដូច ជា​កំពុងត្រៀមកង​កម្លាំងរបស់ខ្លួន ដើម្បីវាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ ប្រឆាំងនឹង​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Spuntik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៨។

ការយល់ឃើញ​ខាងលើរបស់​ក្រុមអ្នក​ជំនាញ មិនមែនគ្មាន​ហេតុផល​នោះទេ ដ្បិតយន្ត​ហោះទម្លាក់គ្រាប់​បែកបំបាំងកាយ​អាមេរិកធុន B-2 និងយន្ដហោះ​ទម្លាក់គ្រប់​បែកធុន B-52 ដែលសុទ្ធសឹង​ជាយន្ដហោះទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ ត្រូវបានដាក់​ពង្រាយរួចជាស្រេច​ នៅលើ​ឧបទ្វីប​កូរ៉េ។ មិនតែប៉ុណ្ណោះ​បើតាមសេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Business Insider យន្ដហោះទម្លាក់​គ្រាប់បែក​ធុន B-2 អាចត្រូវ​បានបំពាក់ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ B-61 ​ក្នុងពេលឆាប់ៗនេះ​ទៀតផង។

បន្ថែមពីលើនេះ កាលពីដើម​ខែមករា សេតវិមានបានអះអាងថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណា​ពីលទ្ធភាព នៃការវាយប្រហារ​លើទីតាំងនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ស្របពេល​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានប្រាប់អ្នក​សារព័ត៌មាន​ទីក្រុង​វ៉ាស៊ីនតោន បានទទួល​ស្គាល់ពីការកើន​ឡើង នៃការ​គំរាមកំហែង​ពីសំណាក់កូរ៉េខាងជើង ហើយថាបើសិន​ទីក្រុង​ព្យុងយ៉ាង មិន យល់ព្រមចូល​អង្គុយតុចរចា នោះសហរដ្ឋអាមេរិក​នឹងចាត់​វិធានការ ឬក៏នឹងជ្រើសរើស​ជម្រើសដោយ​ខ្លួនឯង។

មួយវិញទៀត អ្វីកាន់តែច្បាស់​ជាងនេះទៅ​ទៀត សូម្បីតែ​នាយក CIA​ លោក Mike Pompeo ក៏មិនបានបដិសេធ​ផងដែរ ចំពោះលទ្ធភាពវាយប្រហារ​បង្ការជាមុន​ ប្រឆាំងនឹង​កូរ៉េខាងជើង បើទោះជា​លោកយល់ថា ដំណោះស្រាយ​ការទូតជាជម្រើសអាទិភាព​ក៏ដោយ។ «លោក​ប្រធានាធិបតី​មានបំណង​ ដោះស្រាយបញ្ហា​តាមផ្លូវ​ការទូត ប៉ុន្តែបើវា​មិនអាច​ទៅរួច... នោះយើង នឹងផ្ដល់​ជម្រើសជាច្រើន ដែលអាចជួយ​សម្រេចគោល​បំណង​របស់គាត់»។ នេះជាការលើក​ឡើងរបស់ លោក Mike Pompeo។

គួរបញ្ជាក់ថា កាលពីចុង​ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានគំរាម​ប្រើប្រាស់កម្លាំង​យោធា​កម្ទេចកូរ៉េខាងជើង នៅក្នុងករណី​ត្រូវចាំបាច់​ការពារខ្លួនឯង និងសម្ព័ន្ធមិត្ត​ ពីការគំរាម​កំហែងរបស់​កូរ៉េខាងជើង។ ក៏ប៉ុន្តែ ជម្រើសយោធា​នៅពេលនេះ ទំនងជា​គ្រាន់តែស្ថិត​នៅក្នុងការគិត​របស់មន្ទីរ Pentagon តែប៉ុណ្ណោះ ព្រោះថា​សហរដ្ឋអាមេរិក​ក៏ដឹងច្បាស់ដែរថា កូរ៉េខាងជើងពេលនេះ ​មិនមែន​ជាកូរ៉េខាងជើង កាលពីជាង២០ ឬ៣០ឆ្នាំមុន​ឡើយ ពោលគឺឥឡូវ រដ្ឋកុម្មុយនីស្ដមួយនេះ​មានអាវុធ​នុយក្លេអ៊ែរ ហើយនៅ​មានចិន និងរុស្ស៊ីជាខ្នង​បង្អែកដ៏រឹងមាំថែមទៀត។ ចំណែកឯ កូរ៉េខាងត្បូង និងជប៉ុនក៏មិន​ចង់ឱ្យសហរដ្ឋអាមេរិ​កប្រើប្រាស់កម្លាំង​យោធា វាយប្រហារលើ​ទីក្រុងព្យុងយ៉ាង​មុនដែរ ដ្បិតបើ​សង្រ្គាមផ្ទុះឡើង​ អ្នកខាតបង់ធំ​ច្បាស់ណាស់ថា គឺប្រទេស​ទាំងពីរនេះតែម្តង៕