(ប៉េកាំង)៖ ចំនួនភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់​ព្រំប្រទល់​ចិន-វៀតណាម តាម​ច្រកព្រំដែន Dongxing ដែលស្ថិតក្នុង​តំបន់ស្វយ័ត​ Guangxi Zhuang នៃ​ប្រទេសចិន មានសំន្ទុះកើន​ឡើងជាខ្លាំង ពោលដល់​ទៅចំនួន ៩.៩៧លាននាក់ នៅឆ្នាំ២០១៧ ស្មើនឹងកំណើន ​២៨ភាគ​រយ ធៀបនឹង​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្ប​តិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

Dongxing គឺជាច្រកព្រំដែន​ផ្លូវគោកដ៏ធំទីបី នៅក្នុង​ប្រទេសចិន និងជាច្រកធ្វើដំណើរ​តែមួយគត់ ដែលតភ្ជាប់​រវាងចិន​ ហើយនិង​​ប្រទេស​​វៀតណាម តាមរយៈផ្លូវគោក​ព្រមទាំងផ្លូវ​សមុទ្រ។ ចាប់តាំងពី​ឆ្នាំ២០១៣មក ចិនបានបើកឲ្យ​ជនបរទេស ធ្វើបែបបទ​ស្នើ​សុំ​ទិដ្ឋាការ នៅក្នុង​ទីក្រុង Dongxing។

លោក Chen Xian ដែលជាមន្រ្តី​មួយរូបនៃការិយាល័យ​ត្រួតពិនិត្យព្រំដែន​នៃទីក្រុង Dongxing បានឲ្យ​ដឹងថា ទីក្រុងបានបើកដាក់​​សម្ពោធ​ដងវិថីទិញ​ទំនិញមួយ សម្រាប់ការធ្វើ​ពាណិជ្ជកម្មទំនិញ​ឆ្លងព្រំដែន ព្រមទាំងផ្សារទំនើប​មួយកន្លែង ដែលអនុញ្ញាតឲ្យ​ភ្ញៀ​វ​ទេសចរ អាចទិញផលិតផល​ដោយឥត​គិតពន្ធ បានរហូតដល់​តម្លៃសរុប ៨,០០០យ័ន ឬស្មើនឹង ១,២៥២ដុល្លារ ជារៀង​រាល់ថ្ងៃ ក្នុង​ការទិញ​ដូរឥវ៉ាន់ឆ្លង​ព្រំដែន។

គួរជម្រាបថា ក្រៅពីនេះ​បើតាមអាជ្ញាធរ​នៃការិយាល័យ​ទេសចរណ៍​ក្រុង Dongxing ទីក្រុងនេះ​ក៏បានបើក​កម្មវិធី​ធ្វើដំណើរ​កម្សាន្ត​ ជាលក្ខណៈ​បើកបរយានជំនិះ​ដោយខ្លួនឯង នៅឯ​ទីក្រុង Mong Cai ក្នុងប្រទេស​វៀតណាម​ផងដែរ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយកាលពី​ដើមឆ្នាំ២០១៧ ទីក្រុងទាំងពីរ​បានរួមគ្នាលើក​កម្ពស់វិស័យ​ទេសចរណ៍ នៅក្នុងតាមទីក្រុង​មួយចំនួន​ផ្សេងទៀត របស់​ប្រទេស​ទាំងពីរ​ទៀតផង៕