(វ៉ាស៊ីនតោន)៖ សាកលវិទ្យាធិការ ​នៃសាកលវិទ្យាល័យ Michigan State University លោកស្រី លូ អាន់ណា ស៊ីម៉ុន (Lou Anna Simon) បាន​សម្រេចចិត្ត​លាលែងចេញ​ពីមុខតំណែង​ហើយ កាលពីថ្ងៃពុធ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ក្រោយមាន​ការរិះគន់ជា​បន្តបន្ទាប់ ជុំវិញការដោះស្រាយ​របស់សាកលវិទ្យាល័យ​មួយនេះ ពាក់ព័ន្ធនឹង​ចោទប្រកាន់​ពីបទរំលោភបំពាន​ផ្លូវភេទ ប្រឆាំងនឹងអតីត​គ្រូពេទ្យកីឡា​ម្នា្នក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Fox News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

លោកស្រី Lou Anna Simon បានសម្រេចចិត្តលាលែងចេញពី​មុខតំណែង តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីអតីត​គ្រូពេទ្យកីឡាកាយ​សម្ព័ន្ធអាមេរិក លោក Larry Nassar ត្រូវបានតុលាការ​ផ្ដន្ទាទោសឱ្យជាប់​ពន្ធនាគារពី ៤០ រហូតដល់ ១៧៥ឆ្នាំ ជុំវិញរំលោភ​បំពានផ្លូវភេទ​លើស្រី្តជាង ១៦០នាក់។

ដោយឡែក​នៅក្នុងសំបុត្រ​លាលែងពី​តំណែង លោកស្រី Simon បានផ្ញើសារមួយចំនួន​ដល់ជនរគ្រោះ​រំលោភបំពានផ្លូវភេទ​ ក្រោមស្នាដៃរបស់​លោក Nassar ដោយលើកឡើង​យ៉ាងដូច្នេះថា «ខ្ញុំពិតជាសូមទោស​​ដែលគ្រូពេទ្យ​ដ៏គួរឱ្យ​ទុកចិត្ត និងមាន ឈ្មោះល្បីល្បាញ​ម្នាក់​បែរជាក្លាយទៅជាមនុស្ស​អាក្រក់ មនុស្សអាក្រក់​ដែលបានបង្កការ​ឈឺចាប់ក្រោម​លេស​ព្យាបាល»

គួរបញ្ជាក់ថា លោក Larry Nassar មានអាយុ ៥៤ឆ្នាំ បានសារពីទោស​កំហុសក្នុងបទចោទ​ប្រកាន់ចំនួន១០ករណី នៃការរំលោភបំពាន​ផ្លូវភេទលើ​ស្ត្រីជាច្រើននាក់ ក្នុងនោះ​រួមមាន ទាំងកីឡាការិនីអូឡាំពិក ហើយលើសពី​នេះទៅទៀត លោកក៏ធ្លាប់​ត្រូវបានតុលាការ​កាត់ទោសឱ្យជាប់​ពន្ធនាគារ ៦០ឆ្នាំផងដែរ ពីបទកាន់កាប់​វីដេអូអាសភាស​របស់កុមារ៕