(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាតទីស (James Mattis) បាននិយាយថា លោកសង្ឃឹម​យ៉ាងមុតមាំថា អាមេរិកអាចនឹងពង្រឹង​ទំនាក់​ទំនង​របស់ខ្លួន ជាមួយឥណ្ឌូណេស៊ី និង​វៀតណាម នៅអំឡុងដំណើរ​ទស្សនកិច្ច​រយៈពេលមួយសប្ដាហ៍ នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះ​ដែរ ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅ​លើយន្ដហោះ ក្នុងដំណើរឆ្ពោះ​មកកាន់​ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពី​ថ្ងៃចន្ទ លោក James Mattis បានលើក​ឡើង យ៉ាងដូច្នេះថា «យើងកំពុង​បន្តកិច្ចខិតខំ​ប្រឹងប្រែង​របស់យើង ក្នុងកិច្ច​សហប្រតិបត្តិការ​សមុទ្រ ប៉ុន្តែយើង​ក៏បាននិ​ងកំពុងគាំទ្រ​ឥណ្ឌូណេស៊ីផងដែរ ក្នុងនាមជាតំបន់​យុទ្ធសាស្ត្រ​ដ៏សំខាន់ នៅចន្លោះ​មហាសមុទ្រឥណ្ឌា និងមហាសមុទ្រ​ប៉ាស៊ីហ្វិក»

ដោយឡែក នៅពេលអ្នក​សារព័ត៌មានសួរ​ថា តើលោកសង្ឃឹមថា នឹងអាចសម្រេច​បានអ្វីខ្លះនៅ​វៀតណាម? រដ្ឋមន្ត្រី​ការពារ ជាតិអាមេរិករូបនេះ​បានឆ្លើយថា លោកនឹង​អង្គុយចុះ ហើយជជែកគ្នា​ជាមួយក្រុមមន្ត្រី​វៀតណាម ព្រមទាំងស្វែង​រកវិធានការ​ជាក់ស្ដែង ដើម្បីធ្វើឱ្យប្រសើរ​ឡើងនូវ​ទំនាក់ទំនង​យោធា ការជឿ​ទុកចិត្ត និងកិច្ចសហប្រតិបត្តិ​ការរវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ហាណូយ។​

គួរបញ្ជាក់ថា នេះគឺជាលើក​ដំបូងបំផុតដែល លោក James Mattis បំពេញទស្សនកិច្ច​មកកាន់ឥណ្ឌូណេស៊ី និងវៀតណាម ក្នុងនាមជារដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ហើយលោក​នឹងត្រូវជួបពិភាក្សាការងារ​ជាមួយប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo និងរដ្ឋមន្ត្រីការពារជាតិ​ឥណ្ឌូណេស៊ី លោក Ryamizard Ryacudu ក្នុងដំណើរទស្សនកិច្ច​រយៈពេលបី​ថ្ងៃ មុននឹងចាកចេញ​ទៅកាន់ទីក្រុង​ហាណូយ៕