(ហួស្តុន)៖ អាជ្ញាធរអាមេរិក​បានឱ្យដឹងថា ភ្លើងឆេះព្រៃមួយ​បានចាប់ផ្ដើម​ឆេះរាលដាល នៅថ្ងៃចន្ទ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) នៅក្នុងតំបន់​ជាច្រើន នៃភាគខាងជើងរដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក ដែលទើបតែរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយព្យុះហឺរីខិន Harvey។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ ភ្លើងឆេះព្រៃនេះ​បានកើតឡើងនៅ​ក្បែរផ្លូវហៃវ៉េ Interstate 20 និងផ្លូវ Walsh Ranch នៅក្នុង​ទីក្រុង Aledo ដែលស្ថិតនៅ​ចំងាយ ៤៥០គីឡូម៉ែត្រ ពីភាគពាយ័ព្យ​ទីក្រុងហួស្តុន នៃរដ្ឋ​តិចសាស់។ ភ្លើងឆេះ​ព្រៃនេះ​បានបង្ខំឱ្យ​អាជ្ញាធរជម្លៀស​ប្រជាជនជាច្រើន​នាក់ ទៅកាន់ទីទួល​មាន​សុវត្ថិភាព រីឯសាលារៀន និងផ្លូវហៃវ៉េ​មួយចំនួន​ត្រូវបាន​បិទទា្វរ និងចរាចរណ៍​ជាបណ្ដោះអាសន្ន ខណៈព្រៃឈើលើ​ផ្ទៃដី ៤០៤ហិកតា ត្រូវបានបំផ្លាញ ប៉ុន្តែ ៤០ភាគរយ ស្ថិតនៅក្រោម​ការគ្រប់គ្រងកាល​ពី​ល្ងាចថ្ងៃចន្ទ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋតិចសាស់ បានជួបប្រទះគ្រោះ​មហន្តរាយធម្មជាតិ​ជារឿយៗ ក្នុងនោះមានទាំង​ខ្យល់ព្យុះ រអិលបាក់ដី ទឹកជំនន់ និងភ្លើងឆេះព្រៃ​នេះជាដើម។ ជាក់ស្ដែងកាល​ពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ព្យុះហ៊ឺរីខិន Harvey បានបង្កជាគ្រោះ​រអិលបាក់ដី គ្រោះទឹកជំនន់ ព្រមទាំងផ្ដាច់​យកអាយុ ជីវិតមនុស្ស ៨៨នាក់ និងបង្កជាការខូចខាតដ៏ធំបំផុត​មិនធ្លាប់មាន​ជាង ៥០ឆ្នាំ មកនេះ ​នៅក្នុងទីក្រុងហូស្ដុន រដ្ឋតិចសាស់។

បន្ថែមពីខាង​លើនេះ បណ្តាតំបន់មួយចំនួន​ទៀតរបស់អាមេរិក ក៏បានទទួលរង​នូវគ្រោះ​រាំងស្ងួត ដូចជា​ទីក្រុង Las Vegas នៃរដ្ឋ Nevada ភាគ​ខាងលិច បានបំបែក​កំណត់​ត្រា​អត់មានភ្លៀងធ្លាក់​សោះជាង ១០០ថ្ងៃ ខណៈរដ្ឋ​កាលីហ្វ័រញ៉ា ភាគនិរតី បានទទួលរង​ភ្លើងឆេះព្រៃ​ដ៏​អាក្រក់បំផុត ដែលមិនធ្លាប់មាន​ពីមុខមក ជាច្រើនករណី​ថែមទៀត៕