(កាប៊ុល)៖ ការដណ្តើមត្រឡប់មកវិញ នូវសណ្ឋាគារប្រណិតក្នុងរដ្ឋធានីកាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន ដែលជាការប្រយុទ្ធបង្ហូរឈាមគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធនោះ ត្រូវបានបញ្ចប់ទៅហើយ​ ក្រោយការតតាំងគ្នាតាំងពីយប់ថ្ងៃសៅរ៍ ឈានចូលមកដល់​​ថ្ងៃអាទិត្យ​នេះ ដោយក្នុងនោះ​មនុស្ស​ ០៩នាក់បានស្លាប់ ដែលរួមមាន​ទាំងសមាជិក នៃពួកសកម្មប្រយុទ្ធ​ផងដែរ។ នេះបើតាមការ​ចេញផ្សាយ​នៅមុន​នេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍ពីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានឲ្យដឹងថា «ជាអកុសល្យជន​ស៊ិវិល ០៥នាក់ បានបាត់បង់ជីវិត និង ០៤នាក់ទៀត ជាពួកសកម្មប្រយុទ្ធ​ក៏ត្រូវបានសម្លាប់​ដែរ។ ដោយឡែក​មនុស្ស ០៦នាក់បានទទួលរងរបួស ដោយក្នុងនោះ ០៤នាក់ជាប៉ូលិស»។ ក្រុមសកម្មប្រយុទ្ធ​ ដែលបានចូល​មក​លុយ​សណ្ឋាគារអន្តរជាតិ​កាប៊ុល​ខាងលើនេះ គឺមានបង្កៃ​គ្រាប់បែកជាប់ខ្លួន ដែលពួកគេត្រៀម​រួច​ទៅហើយក្នុ​ងការបំផ្ទុះ​អត្តឃាត។

គួរបញ្ជាក់ថា ក្រុមសកម្ម​ប្រយុទ្ធតាលីបង់ និងបណ្តាញក្រុម​ហាកកានី គឺជាមុខព្រួញនៃការ​ចោទប្រកាន់ ជុំវិញការបង្ករឿង​​ខាងលើនេះ ខណៈដែល​សណ្ឋាគារប្រណិត​នៅជើងភ្នំខាងលើ​ មានភ្ញៀវស្នាក់នៅសរុប ១៦០នាក់ កំពុងស្នាក់នៅនាពេលយប់​កើតហេតុ ហើយក្នុង​ចំណោមនោះ ៤១នាក់ ជាជន​បរទេស៕