(បរទេស)៖ អង្គការណាសា​បានឱ្យដឹងថា អាចម៍មានទំហំ​មធ្យមមួយ នឹងធ្វើដំណើរមកជិតភព​ផែនដីនៅថ្ងៃទី០៤ ខែកុម្ភៈខាងមុខនេះ ប៉ុន្តែវានឹងមិន​មានការប៉ះទង្គិច​ជាមួយផែនដី​នោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី២១​​ ខែមករា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយកាលពី​ថ្ងៃសុក្រ អង្គការណាសា​បានបញ្ជាក់​ទៀតថា នៅពេលធ្វើដំណើរ​មកជិតផែនដី អាចម៍ផ្កាយនេះ​នឹងមិនស្ថិតនៅជិត​ជាង ១០ដងនៃ ចំងាយរវាង​ផែនដី និងព្រះច័ន្ទឡើយ។ វាត្រូវបានគេស្គាល់ឈ្មោះថា 2002 AJ129 អាចម៍ផ្កាយ​មួយនេះ ជាប្រភេទអាចម៍​ផ្កាយ Potentially Hazardous Asteroid (PHA) ដែលកំណត់ដោយ​អង្គការណាសាថា ជាអាចម៍ផ្កាយ​នៅជិតផែនដី ឬ Near-Earth Asteroids ផងដែរ ជាមួយចំងាយ​មធ្យមពីផែនដីបច្ចុប្បន្នប្រមាណ ៧.៥លានគីឡូម៉ែត្រ។

ក៏ប៉ុន្តែ​អាចម៍ផ្កាយ 2002 AJ129 នឹងមិនបង្កជា​ការគំរាមកំហែង​ នៃការបុកទង្គិចគ្នា​ជាមួយផែនដី​នោះទេ ហើយ NASA បានធ្វើការអង្កេតអាចម៍ផ្កាយមួយនេះ អស់រយៈពេល ១៤ឆ្នាំមកហើយ។ ភាពប្រាកដច្បាស់នោះ គឺមជ្ឈមណ្ឌល​សិក្សាវត្ថុអវកាស​របស់ NASA បាន​ធានាថា 2002 AJ129 មានឱកាស ០% ប៉ុណ្ណោះក្នុងការបុកផែនដី សូម្បីតែ ១០០ឆ្នាំ​ទៅមុខទៀត ក៏យើងមិនបាច់​ភ័យពីវាដែរ។

គួរបញ្ជាក់ថា 2002 AJ129 មានមុខកាត់ប្រវែង​ចន្លោះពី ០.៥គីឡូម៉ែត្រ ទៅ ១.២គីឡូម៉ែត្រ ដែលវាអាចប្រៀបធៀប​បានជាមួយនឹង​ទំហំ នៃអគារខ្ពស់ជាងគេ​លើលោក Burj Khalifa ក្នុងទីក្រុង​ឌូបៃ ព្រោះអគារនេះ​មានកម្ពស់ជាង ៨០០ម៉ែត្រទៅ​ហើយ។ 2002 AJ129 ត្រូវបានរកឃើញកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០០២ ដោយមជ្ឈមណ្ឌលអង្កេត​វត្ថុ​អវកាសជិតផែនដី​របស់ NASA។

សូមបញ្ជាក់ថាបន្ថែមថា នៅថ្ងៃទី០៤ ខែកុម្ភៈ អាចម៍ផ្កាយ 2002 AJ129 នឹងមកជិតផែនដី​បំផុតក្នុងរយៈចម្ងាយ ៤.២លានគីឡូម៉ែត្រ ដោយល្បឿនហោះហើររបស់វាគឺ ៣៤គីឡូម៉ែត្រ​ក្នុងមួយវិនាទីឯណោះ។ ក្រៅពីការហោះកៀកនឹង​ផែនដី 2002 AJ129 ក៏ហោះ​ទៅ​កៀក​ព្រះអាទិត្យ​ផងដែរ ក្នុងរយៈចម្ងាយ ១៨លាន​គីឡូម៉ែត្រ៕