(សេអ៊ូល)៖ ប្រតិភូមួយរូបតំណាងឲ្យក្រុមកីឡាករកូរ៉េខាងជើង បានធ្វើដំណើរមកដល់​ទីក្រុង Gangneung របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការពិភាក្សាគ្នាជាមួយសមភាគីទីក្រុងសេអ៊ូល ក្នុងការរៀបចំបញ្ជូនក្រុមប្រតិភូ អត្តពលិក និងក្រុមតន្ត្រី មកចូលរួមព្រឹត្តិការណ៍បើកសម្ពោធ និងប្រកួតកីឡាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchange របស់កូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដំណឹងខាងលើ​ត្រូវបានប្រកាសឲ្យដឹងដោយ ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ហើយបើតាមសេចក្តីថ្លែង​ការណ៍​របស់ក្រសួង​ដដែល ដើមឡើយកូរ៉េខាងជើង បានជូនដំណឹង​ថា ខ្លួននឹងធ្វើការបញ្ជូនគណៈប្រតិភូ តាមរយៈច្រកផ្លូវគោកនាថ្ងៃអាទិត្យ​នេះ ហើយកាលវិភាគ​សម្រាប់អំឡុងដំណើរទ​ស្សនកិច្ចនេះ អាចប្រព្រឹត្តទៅជាធម្មតា តាមអ្វីដែលបានព្រមព្រៀង​គ្នារួចជាស្រេច​។

គួរជម្រាបថា អ្នកតំណាងចំនួន ០៧រូប មកពីកូរ៉េខាងជើង ដែលត្រូវបានដឹងថា នឹងមកធ្វើទស្សនកិច្ចនា​ថ្ងៃសៅរ៍ម្សិលមិញ​នៅកូរ៉េខាង​ត្បូង ដើម្បីពិនិត្យមើល​ទីតាំងសម្តែង​ នៃក្រុមតន្រ្តី​របស់ខ្លួននោះត្រូវបានលុបចោលវិញ ហើយសម្រាប់ការមកទស្សនកិច្ចនៅថ្ងៃអាទិត្យនេះ គឺមានតែប្រតិភូកូរ៉េខាងជើងមួយរូបប៉ុណ្ណោះ មិនមែន ០៧រូប ដូចការគ្រោងទុកនោះឡើយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមតន្រ្តី កូរ៉េខាងជើង​​ក៏នឹងបញ្ជូនក្រុមអត្តពលិក​ឲ្យមកចូលរួមព្រឹត្តិការណ៍​អូឡាំពិករដូវរងារ នៅក្រុង Pyoengchang របស់កូរ៉េខាងត្បូង​ផងដែរ ហើយការចូលរួមពីសំណាក់​ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានអន្តរជាតិ​យល់ឃើញថា គឺជា​ភាពវិជ្ជមាន​ផ្នែកការទូតមួយ​រវាង​ប្រទេសទាំងពីរ ក្រោយពីមាន​ភាពតានតឹងខ្លាំង​អស់ជាច្រើនខែ​ ជុំវិញកម្មវិធី​មីស៊ីល-នុយក្លេអ៊ែរ​​​របស់​​​កូរ៉េ​ខាងជើង៕