(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ថ្ងៃនេះគឺជាគម្រប់ខួប០១ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

២៖ មនុស្ស១១នាក់ស្លាប់ និង៤៤នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលរថយន្តក្រុងមួយគ្រឿង បានបោះពួយ​ទៅ​បុក​ដើម​ឈើ​មួយ​ដើមពេញទំហឹង នៅប្រទេសតួកគី។

៣៖ ព្យុហឺរីខិនកំណាចមួយ ធ្វើឲ្យអាល្លឺម៉ង់ទទួលរងការបំផ្លិចបំផ្លាញគិត​ជាទឹកប្រាក់ប្រហែលជាង៦១០លានដុល្លារ និងមាន​មនុស្ស​០៨នាក់ស្លាប់។

៤៖ អ្នកវិទ្យាសាស្ត្រអាមេរិក សិក្សារកឃើញថា ជំងឺ​គ្រុនផ្តាសាយធំ គ្រាន់តែដកដង្ហើម ក៏អាចឆ្លងទៅគ្នាបានដែរ ខណៈមនុស្សស្លាប់​កើនដល់៧៤នាក់ គិតចាប់ពីខែតុលា ឆ្នាំ២០១៧។

៥៖ ក្រសួងការបរទេស​​អាមេរិក​បើកភ្លើងខៀវ ចំពោះគម្រោងលក់យន្តហោះចម្បាំងធុន F-35 ចំនួន ៣៤គ្រឿង ដល់ប៊ែលហ្សិក ក្នុងតម្លៃ ៦.៥៣ពាន់លានដុល្លារ។

៦៖ ទីបំផុតរដ្ឋាភិបាល លោក ដូណាល់ ត្រាំ ត្រូវជាប់គាំងតែម្តង ដោយសារកញ្ចប់ថវិកា មិនអាចត្រូវបានអនុម័តក្នុងព្រឹទ្ធសភា។

៧៖ លោក ដូណាល់ ត្រាំ ត្រៀមរៀបចំពិធីជប់លៀង នៅរមណីយដ្ឋានផ្ទាល់ខ្លួន Mar-a-Lago ដើម្បីប្រារព្ធខួបមួយឆ្នាំគត់ នៃការ​ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ដែលតម្លៃសំបុត្រចូលរួមសម្រាប់មនុស្សពីរនាក់ គឺចាប់ពីមួយសែនដុល្លារ​ឡើង​​ទៅ​​៕