(អ៊ីស្តង់ប៊ុល)៖ មនុស្សយ៉ាង​ហោចណាស់ ១១នាក់​ស្លាប់ និង ៤៦នាក់ទៀត​រងរបួស នៅក្នុងគ្រោះថ្នាក់​ចរចារណ៍ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តក្រុងបុកដើមឈើ​នៅតាមដងផ្លូវ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​ហ្វីលីពីន Manila Times នាល្ងាចថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

រថយន្តក្រុងដែលបានជួបគ្រោះ​អកុសល្យខាងលើនេះ ត្រូវបានប៉ូលិស​តួកគីអះអាងថា បានធ្វើដំណើរ​​ទាំងកណ្តាលយប់​ឈានចូលថ្ងៃសៅរ៍នេះ ពីរដ្ឋធានី​អង់ការ៉ា ឆ្ពោះទៅកាន់​ទីក្រុង Bursa ស្ថិតនៅភាគ​ខាងលិចប្រទេស។ ប៉ូលិស​បានបន្ថែមថា ផ្លូវធ្វើដំណើរ គឺមានសភាពល្អធម្មតា​​នោះទេ នៅកន្លែងដែលរថយន្ត​បុកដើមឈើ ស្ថិតក្នុងតំបន់ Eskisehir។

គួរបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ និងរបួស ក៏មានកុមារមួយចំនួនផងដែរ ហើយអ្នកបើកបររថយន្តទាំងពីររូប គឺនៅមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរ។ សម្រាប់​មូលហេតុជាក់លាក់នៃគ្រោះថ្នាក់ គឺស្ថិតនៅក្នុងការស៊ើបអង្កេតបន្ត ប៉ុន្តែអ្វីដែល​នាំឲ្យគេសន្និដ្ឋានជាបឋមនោះ គឺអ្នកបើកបរអាច​គេចពីយានជំនិះផ្សេង ឬមួយក៏ងងុយគេង​ពេលកំពុងបើកបរផងក៏ថាបាន៕