(វ៉ាស៊ីនតោន)៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅឯ​សហរដ្ឋអាមេរិក មហាសេដ្ឋី​អចលទ្រព្យ ដែលពុំមានបទសោធន៍​អ្វីទាល់តែ​សោះ​ ទាក់ទងនឹងរឿង​នយោបាយ គឺលោក ដូណាល់ ត្រាំ បានធ្វើការសច្ចា​ប្រណិធាន ដើម្បីឡើងកាន់តំណែង​ជាប្រធានាធិបតី​ទី ៤៥​​ របស់សហរដ្ឋអាមេរិក បន្តពី​លោក បារ៉ាក់ អូបាម៉ា។ ខាងក្រោម​នេះ គឺជាសេចក្តីសង្ខេប​នៃព្រឹត្តិការណ៍សំខាន់ៗ​មួយចំនួន ក្នុងអំឡុងមួយ​ឆ្នាំ​​ដំបូង​នៃអាណត្តិដឹកនាំ របស់ប្រធានាធិបតី​ដ៏ចម្រូងចម្រាសរូបនេះ។

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧៖ គ្រាន់ក្លាយ​ជាប្រធានាធិបតីផ្លូវការ​ភ្លែត លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើបទបញ្ជា​ប្រតិបត្តិ​មួយ ដោយប្រកាសពី​ការដកខ្លួនចេញ​របស់សហរដ្ឋអាមេរិក ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ នៃភាពជាដៃគូ​អន្តរ-ប៉ាស៊ីហ្វិក ហៅ​​កាត់ថា TPP។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខា​ជាលើកដំបូង លើបទបញ្ជា​ប្រតិបត្តិមួយ​ទៀត ស្តីពី​ការដាក់​បំរាមដ៏ចម្រូង​ចម្រាស ដោយហាមឃាត់​មិនឲ្យប្រជាជន ឬជនភៀសខ្លួន ដែលមាន​ប្រភពមកពីប្រទេស​ចំនួន ០៧ នៅតំបន់​​អាស៊ីខាងលិច និងអាហ្រិ្វក​ខាងជើង ឈានជើងចូលទឹកដីអាមេរិក​ឡើយ។

ថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០១៧៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាលើកដំបូង​ជាមួយ លោក ដូណាល់ ត្រាំ នៅឯរមណីដ្ឋាន Mar-a-Lago របស់លោក ត្រាំ ផ្ទាល់។

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧៖ លោក Neil Gorsuch ដែលត្រូវបាន​ជ្រើសតាំង​ដោយ លោក ដូណាល់ ត្រាំ បានស្បថ​ឡើងកាន់​តំណែង​ជាប្រធាន​តុលាការកំពូល ពោល​គឺសាជាថ្មី​ម្តងទៀត ដែលស្ថាប័ននេះ​ត្រូវបាន​​គ្រប់គ្រង​​ដោយក្រុមអភិរក្ស​និយមវិញ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ច​ក្រៅប្រទេសជា​លើកទីមួយ ចាប់ផ្តើមពី​​ព្រះរាជាណាចក្រ​​អារ៉ាប៊ីសាអូឌីត ហើយបានចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀង​លក់សព្វាវុធ មានតម្លៃដល់​ទៅ ១១០ពាន់លានដុល្លារ រវាង​ប្រទេស​​ទាំង​​ពីរ។

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តី​ប្រកាសដ៏ធំមួយទៀត ពីការដកខ្លួនរបស់​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពីបញ្ហាបម្រែបម្រួល​អាកាសធាតុ ទីក្រុង​ប៉ារីស។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានប្រកាសពី​ការត្រួតពីនិត្យឡើងវិញ ទៅលើផ្នែកខ្លះៗ​នៃគោលនយោបាយ​​គុយបា របស់អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ខំចិត្តចុះ​ហត្ថលេខាលើសេចក្តី​ព្រាងច្បាប់ ស្តីពីការដាក់ទណ្ឌកម្ម​​បន្ថែមផ្នែក​សេដ្ឋកិច្ច ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី។

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស​ដកប្រទេសលោក ចេញពីអង្គការ​​អប់រំ​វិទ្យាសាស្រ្ត និងវប្ប​ធម៌ របស់អង្គការ​សហប្រជាជាតិ។

ថ្ងៃទី០៨-១០ ខែវិច្ឆិកា ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានអញ្ជើញ​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋជា​លើកដំបូង ទៅកាន់​ប្រទេសចិន។

ថ្ងៃទី០៦ ខែធ្នូ លោក ដូណាល់ ត្រាំ បានធ្វើសេចក្តី​ប្រកាសដ៏​ធំមួយទៀត ដែលធ្វើឲ្យកក្រើក​ពិភពលោក ស្តីពីការទទួលស្គាល់​ជា​ផ្លូវ​ការចំពោះ​ទីក្រុងពិសិដ្ឋ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយបាន​បង្គាប់ឲ្យ​​ចាប់ផ្តើមនីតិវិធី​នៃការផ្លាស់ប្តូរ​ស្ថាន​​ទូតអាមេរិក ​ប្រចាំអ៊ីស្រាអែល ទៅកាន់ទីនោះ​វិញ។

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើសេចក្តីព្រាង គោលនយោបាយ​ការពារជាតិ ដែលមានតម្លៃ​ជិត ៧០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ​សារពើពន្ធ​ឆ្នាំ២០១៨ (គិតចាប់ពីដើម​ខែមេសា​ ឆ្នាំ២០១៧ ដល់ចុងខែមីនា ឆ្នាំ២០១៨)។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧៖ លោក ដូណាល់ ត្រាំ បានប្រកាសពី​ផែនការយុទ្ធសាស្រ្ត​សន្តិសុខជាតិ ដែលក្នុងនោះមាន​ចិន និងរុស្ស៊ី​ជាគូប្រកួតប្រជែង។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើសេចក្តីព្រាង​កែទម្រង់ពន្ធ​ដារ​នៅក្នុងប្រទេស ដែល​វាគឺជាកំណែប្រែ​ដ៏សំខាន់បំផុតមួយ នៃប្រព័ន្ធពន្ធ​អាមេរិក គិតចាប់​តាំងពី​ឆ្នាំ១៩៨៦មក។

ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨៖ លោក ដូណាល់ ត្រាំ បាននិយាយថា ជាលើក​ចុងក្រោយ រូបលោកនឹងបន្ត​មិនអនុវត្តការដាក់ទណ្ឌ​កម្ម​​ ទៅលើប្រទេស​អ៊ីរ៉ង់ឡើយ នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ដោយគំរាមថា សហរដ្ឋអាមេរិក អាចនឹងដក​ខ្លួនចេញពី​​កិច្ច​ព្រមព្រៀងនេះ បើពុំមាន​ការចរចា​ និងកែលម្អ​ថ្មីទេនោះ៕