(ប៉េកាំង)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅថ្ងៃសៅរ៍នេះ​បាននិយាយថា ទីក្រុង​ប៉េកាំង នឹងចាត់វិធានការ​ចំាបាច់នានា ដើម្បីការពារដែន​អធិបតេយ្យភាព​របស់ខ្លួន បន្ទាប់ពីនាវា ចម្បាំងអាមេរិក​មួយគ្រឿង បានចូលក្នុងដែនទឹក​នៅក្បែរបរិវេណ​កោះ Huangyan ក្នុងសមុទ្រ​ចិនខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិនស៊ី​នហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

នៅពេលឆ្លើយ​នឹងសំណួរអ្នក​សារព័ត៌មាន អ្នកនាំពាក្យ​លោក លូ កាង បានទទួល​ស្គាល់ថា នាវាពិឃាត​បំពាក់មីស៊ីល​អាមេរិក USS Hopper បានធ្វើដំណើរ​មកក្បែរ​ចំងាយ ២២ គីឡូម៉ែត្រ​ពីកោះ Huangyan កាលពីល្ងាច​ថ្ងៃពុធ ដោយគ្មានការ​អនុញ្ញាតពី​រដ្ឋាភិបាលចិន។ លោក លូ បន្ថែមទៀតថា ការធ្វើសកម្មភាព​ច្រំដែលបែបនេះ​របស់​សហរដ្ឋអាមេរិក បានបង្កផល​ប៉ះពាល់ដល់​ផលប្រយោជន៍​សន្តិសុខ និងដែនអធិបតេយ្យភាព​ចិន ក៏ដូចជាគំរាមកំហែង​ដល់នាវា និងបុគ្គលិកចិន ដែលកំពុងធ្វើការនៅ​ក្នុងតំបន់​ផងដែរ។ យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យក្រសួង​ការបរទេសចិន​រូបនេះបានព្រមានថា ចិននឹងចាត់រាល់​វិធានការចំាបាច់​ទាំងអស់ ដើម្បីការពារ​ដែនអធិបតេយ្យ​របស់ចិន។​

គួរបញ្ជាក់ថា បើតាម​លោក លូ កាង កងនាវាចិនបានព្រមានឱ្យ​នាវាពិឃាត USS Hoppe ធ្វើដំណើរចេញឱ្យ​ឆ្ងាយពីដែន​ទឹកចិន។ ចំណែកឯ​ទីក្រុងវ៉ាស៊ីនតោន មិនទាន់​ធ្វើការអត្ថាធិប្បាយ​អ្វីនៅឡើយទេ ប៉ុន្តែរឿងបែបនេះ​មិនមែនទើបតែ​កើតឡើង​ជាលើកទីមួយ​នោះឡើយ៕