(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​អាមេរិក​កំពុងជាប់គាំងហើយ ដោយបញ្ហា​ធំនឹងធ្លាក់ទៅលើ​ស្ថាប័នមួយចំនួនរបស់រដ្ឋ ព្រោះតែព្រឹទ្ធសភាមិនអាចពិភាក្សាត្រូវរ៉ូវគ្នា ជុំវិញ​រឿង​​​ទម្លាក់​កញ្ចប់ថវិកាសម្រាប់ចំណាយ ដែលនឹងអនុញ្ញាត​ឲ្យ​រដ្ឋបាលរបស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្តដំណើរ​ការ​​ដូច​ប្រ​ក្រ​តីនោះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

កិច្ចចរចានៅ​ជំហ៊ានចុង​ក្រោយ ជុំវិញបញ្ហាផ្តល់កញ្ចប់​ថវិកាដល់រដ្ឋាភិបាល បានទទួល​បរាជ័យ ខណៈក្រុមព្រឹទ្ធសមាជិកបក្ស​​ប្រ​ជា​ធិបតេយ្យ បានសម្រេច​រារាំងសេចក្តីព្រាង​ថវិការយៈពេលខ្លី ពោលគឺសម្រាប់​អំឡុងពេល ០៤សប្តាហ៍ នៅក្នុង​ការបោះឆ្នោតមួយ​​ នា​កណ្តាលរាត្រី​ឈានចូល​ថ្ងៃសៅរ៍សប្តាហ៍​នេះ (ពេលវេលា​នៅអាមេរិក)។ ប្រការនេះ​បានបង្កឲ្យ​មានការជាប់គាំង​ដំណើរការ​រដ្ឋា​ភិ​បាល​អាមេរិកចំនួន ០៤លើក ហើយក្នុង​អំឡុងពេល ២៥ឆ្នាំ កន្លង​ទៅនេះ ដោយចុង​ក្រោយបំផុត បានកើតមាន​កាលពី​ឆ្នាំ២០១៣។

ជុំវិញរឿងដ៏អាម៉ាសនេះ សេតវិមាន​បានស្តីបន្ទោស​ក៏ដូច​ជាទម្លាក់កំហុស ទៅលើក្រុមមន្រ្តី​បក្សប្រជាធិបតេយ្យ ចំពោះការ​បិទ​ផ្នែក​​មួយចំនួន នៃរដ្ឋាភិបាលនេះ ដែលគាប់ជួន​ទៀតសោត គឺកើតមានឡើង​នៅចំគម្រប់ខួប​កាន់អំណាច​បានមួយឆ្នាំល្មម​របស់​លោក ដូណាល់ ត្រាំ ទោះបីជាលោក​ប្រធានាធិបតីអាមេរិក​រូបនេះ កាលពីថ្ងៃសុក្រ បានចំណាយពេល​ស្ទើរពេញ​មួយថ្ងៃ ដើម្បីព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ប្រធានសំឡេង​ភាគតិច​ព្រឹទ្ធសភា លោក Chuck Schumer ​នៃបក្ស​ប្រជាធិបតេយ្យ សំដៅរក្សាឲ្យ​​​រដ្ឋា​ភិ​បាល​​របស់លោក នៅបើកដំណើរការ​យ៉ាងណាក្តី។

ភាពចម្រូងចម្រាសខាងលើនេះ ត្រូវគេសង្កេត​ឃើញថា គឺដោយសារតែ​បញ្ហាខ្វែងគំនិតគ្នា​ ជុំវិញកម្មវិធីការពារ​ជនអន្តោប្រវេសន៍​​ខុស​ច្បាប់ ដែលអនុញ្ញាត​ឲ្យ​បុគ្គល ដែលត្រូវបាននាំ​មកកាន់ទឹកដី​សហរដ្ឋអាមេរិក កាលពីវ័យកុមារ ដោយពុំមាន​ឯកសារ​ត្រឹមត្រូវ អាច​បន្ត​រស់​នៅ​ក្នុង​​ប្រទេស​​នេះ​បាន​ ដោយមិនប្រឈម​នឹងការបណ្តេញចេញ​ទៅវិញ​ឡើយ។

គួរជម្រាបថា ទាក់ទិននឹងការ​ជាប់គាំងខាងលើ ទីភ្នាក់ងាររបស់​រដ្ឋាភិបាលសហព័ន្ធ រួមមានស្ថាប័ន​ដែលពាក់ព័ន្ធនឹង​​បញ្ហាសុវត្ថិ​ភាព​​សាធារណៈ និងយោធា ដែលត្រូវគេ​ចាត់ទុកថាជា «ស្ថាប័នចាំបាច់» នោះ​នឹងនៅបន្តដំណើរការ​ជាធម្មតា ខណៈស្ថាប័ន​ដទៃទៀត​​ ដែលមិនចាំបាច់​​នឹងត្រូវបិទទ្វារ រហូតទាល់តែ​សភាសម្រេចអនុម័ត​សេចក្តីព្រាង​កញ្ចប់ថវិកា ដើម្បីផ្តល់ការ​ផ្គត់ផ្គង់​ដល់​រដ្ឋា​ភិ​បាល​​សហ​ព័ន្ធ​ឡើងវិញ៕