(ញូដេលី)៖ ប្រទេសឥណ្ឌា កំពុងអភិវឌ្ឍ​​ន៍មីស៊ីលប្រដេញខ្នាតធំ​ និងមាន​ល្បឿនលឿន​ឈ្មោះថា BrahMos ដែលមានរយៈចម្ងាយ​​វាយ​​ប្រហារ​​ដំឡើងដល់ ៨០០គីឡូម៉ែត្រ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃ​សៅរ៍ ទី២០​ ខែមករា ឆ្នាំ២០១៨។

បើតាមប្រភពពីមន្រ្តី​យោធាឥណ្ឌា រយៈចម្ងាយវាយ​លុក​នៃមីស៊ីលប្រភេទនេះ ធ្លាប់ត្រូវ​បាន​បង្កើនពី ២៩០​គីឡូ​ម៉ែត្រ ​ទៅ ​៤៥០គីឡូ​ម៉ែត្រ ​ម្តង​រួចមកហើយ​កាលពីឆ្នាំមុន ហើយឥឡូវនេះ​វាកំពុងត្រូវដំឡើង​ឲ្យដល់ ៨០០គីឡូម៉ែត្រ ថែមទៀត។ ប៉ុន្តែការធ្វើតេស្តបាញ់​​សាក​ល្បង​​​វិញ​នោះ ទំនងជានឹង​ត្រូវធ្វើឡើង​ នៅកំឡុងចុង​ឆ្នាំ២០១៨នេះ។

គួរជម្រាបថា មីស៊ីល BrahMos ប្រភេទបាញ់ចេញពី​ផ្ទៃដី និងផ្ទៃអាកាស ត្រូវបានដាក់ឲ្យ​ធ្វើប្រតិបត្តិការ​រួចស្រេចទៅ​ហើយ នៅក្នុងជួរកងទ័ព​ជើង​គោក និងជើងទឹក​នៃប្រទេស​ឥណ្ឌា ខណៈកាលពី​​ខែវិច្ឆិកា ឆ្នាំ២០១៧ ឥណ្ឌាបានធ្វើ​តេស្ត​ដោយ​ជោគជ័យ ​នូវប្រភេទ​បាញ់​ចេញពី​​លើ​ផ្ទៃអាកាស។

ម៉្យាងវិញទៀត កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ មហាយក្សទីពីរ​នៅអាស៊ីមួយនេះ ក៏ទើបតែបានធ្វើតេស្តបាញ់មីស៊ីល​ផ្លោង​​ ប្រភេទ​បាញ់ចេញពី​លើដីគោក​ទៅកាន់​ដីគោក Agni V ដែលមានសមត្ថភាព​ បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ផងដែរ។ Agni V គឺជា​​មីស៊ីលដ៏​ទំនើបជាង​គេបង្អស់ នៅក្នុងចំណោម​មីស៊ីលប្រភេទ Agni ដែលមាន​រយៈចម្ងាយវាយប្រហា​រជាង ៥,០០០គីឡូម៉ែត្រ៕