(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អាជ្ញាធរសុខាភិបាល​រដ្ឋកាលីហ្វរញ៉ា​បានឲ្យដឹងថា ចំនួនមនុស្សស្លាប់​ដោយសារជំងឺគ្រុន​ផ្តាសាយធំ នៅក្នុង​ចំណោម​អ្នករស់នៅក្នុង​រដ្ឋមួយនេះ ដែលមានវ័យក្រោម ៦៥ឆ្នាំ នោះបានកើនដល់ ៧៤នាក់ ហើយ​គិតចាប់តាំងពី​ខែតុលាឆ្នាំ២០១៧ ដោយ​ប្រការនេះ បានគូសបញ្ជាក់​ឲ្យឃើញពីបញ្ហា​ជំងឺឆ្លងដ៏ធ្ងន់ធ្ងរ​មួយ ដែលក្រុមអ្នក​វិទ្យាសាស្រ្ត បានរក​ឃើញថា អាចឆ្លងយ៉ាង​​ងាយតាមរយៈមធ្យោបាយ​ដ៏សាមញ្ញគឺ ដង្ហើម​មនុស្ស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

ក្រុម​អ្នកស្រាវជ្រាវមក​ពីសាកលវិទ្យាល័យ University of California នៃទីក្រុង Berkely ព្រមទាំងសាកល​វិទ្យាល័យ San Jose State University នៃក្រុង San Jose បានរៀបរាប់លម្អិត​ពីលទ្ធផល នៃការរកឃើញរបស់ពួកគេ ស្តីពីមធ្យោបាយ​យ៉ាងងាយស្រួល និងគួរ​ឲ្យ​​ព្រួយបារម្ភ នៃការរីករាតត្បាត​នៃជំងឺគ្រុន​ផ្តាសាយធំ តាមរយៈការ​ដកដង្ហើម នៅក្នុងការសិក្សា​មួយរបស់​ពួកគេ។

ការសិក្សាស្រាវជ្រាវ​​តម្លៃ១០ពាន់លានដុល្លារខាងលើនេះ បានបង្ហាញថា មនុស្សមួយចំនួន​អាចដកដង្ហើម ឬក៏ខ្អកចេញ​នូវ​ភាគ​ល្អិត​តូច​ៗ​នៃ​វីរុស ដែលមានគ្រោះថ្នាក់ខ្ពស់​បំផុត រហូតដល់ ១,០០០ភាគល្អិត ក្នុងពេលត្រឹម ៣០នាទី​ប៉ុណ្ណោះ។ នៅពេលដែល​យើងគិត​ថា​ ការ​ចម្លង​​ជំងឺនេះ​ត្រូវការតែភាគ​ល្អិត​នៃ​វីរុសមួយភាគ​ល្អិត​ប៉ុណ្ណោះនោះ​មានន័យថា មនុស្សចំនួន ១,០០០នាក់ អាច​ឆ្លង​ជំងឺ​នេះ​បាន​ក្នុង​រយៈពេល​ដ៏ខ្លី ជាពិសេសនៅតាម​កន្លែងដែលមានមនុស្ស​នៅផ្តុំគ្នា ដូចជាក្នុង​អគារជាដើម។

គួរជម្រាបថា ចាប់តាំងពី​ខែតុលាឆ្នាំទៅ ប្រភេទជំងឺគ្រុនផ្តាសាយ​ធំដ៏ខ្លាំងមួយហៅ​ថា H3N2 បាននិងកំពុងវាយលុក​ក៏ដូចជារីក​រាត​ត្បាត​​ទូទាំងរដ្ឋ​របស់អាមេរិក លើកលែង​តែរដ្ឋហាវ៉ៃ ដែលស្ថិតនៅ​ឯនាយសមុទ្រ ហើយមនុស្សមួយ​ចំនួនបានស្លាប់​បាត់បង់ជីវិត ដោយសារ​តែការទទួល​ការពន្យាបាល មិនបានទាន់​ពេលវេលា៕