​(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក James Mattis បាននិយាយជា​សាធារណៈថា សហរដ្ឋអាមេរិក​បាននិងកំពុង​ប្រឈមមុខ​ នឹងការគំរាមកំហែង​កាន់តែខ្លាំង​ពីរុស្ស៊ី និងចិន ដែលកំពុងព្យាយាម​បង្កើតពិភពលោក​មួយ ឱ្យស្របទៅតាម​គំរូផ្ដាច់ការ​របស់ពួកគេ ហើយថែម​ទាំងបញ្ជាក់ដែរថា ពីពេលនេះ​តទៅសន្តិសុខជាតិ​អាមេរិក លែងផ្ដោត​សំខាន់លើ ពួកភេរវករ​ទៀតហើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

លោក James Mattis ថ្លែងបែបនេះនា​ឱកាសធ្វើបទ​បង្ហាញ​ ពីយុទ្ធសាស្ត្រ​ការពារជាតិថ្មី​របស់​សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ​ដែរ លោក Mattis បានបញ្ជាក់ចំៗ​តែម្ដងថា ចិន និងរុស្ស៊ី គឺជាមេគ្រោះ​សម្រាប់​អាមេរិក ប៉ុន្តែលោកហាក់ដូចជាផ្ដោត​ខ្លាំងលើរុស្ស៊ី​ច្រើនជាង ដោយអះអាងថា​ រុស្ស៊ីកំពុងព្យាយាមគំរាម​កំហែង​ដល់ លិទ្ធិប្រជាធិបតេយ្យ។

«បើសិនជា អ្នកចង់ប្រជែង​ជាមួយយើង នោះវានឹងក្លាយជាថ្ងៃ​ដ៏អាក្រក់​របស់អ្នក»។ នេះគឺជាសារព្រមាន​របស់ លោក Mattis ផ្ញើជូន​ទីក្រុងម៉ូស្គូ។ ជាងនេះ​ទៅទៀត រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ​រូបនេះក៏បានអំពាវនាវ​ផងដែរ​ឱ្យសភា ជៀសវាងការ​កាត់បន្ថយ និងផ្ដល់កញ្ចប់​ថវិកាឱ្យបានគ្រប់គ្រាន់​ដល់វិស័យយោធា ខណៈប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងបង្កើនការចំណាយ​លើកញ្ចប់ថវិកា​យោធា ១០ភាគរយ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារអាមេរិក ក្នុង​ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ថា ជម្លោះបច្ចុប្បន្ន​ដែលក្រុមអ្នកជំនាញ​មើលឃើញថា អាចនឹងឱ្យ​សហរដ្ឋអាមេរិក និងរុស្ស៊ី ប្រឈមមុខដាក់គ្នា​ដោយផ្ទាល់ គឺ​វិបត្តិនៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន និងសង្រ្គាម​នៅស៊ីរី។​ ចំណែកឯជា​មួយចិន គឺវិបត្តិនៅ​សមុទ្រចិន​ខាងកើត កូរ៉េខាងជើង និងសមុទ្រ​ចិនខាងត្បូង៕