(វ៉ាស៊ីនតោន)៖ អតីតអគ្គរដ្ឋទូត​អង់គ្លេសប្រចាំ​ប្រទេសស៊ីរី ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោក Peter Ford បាន​និយាយថា សហរដ្ឋអាមេរិក​ទំនងជាកំពុងប្រើប្រាស់ផែនការ បង្កើតកងកម្លាំង​ឃើដការពារ​ព្រំដែនស៊ីរី ជាហេតុផល​មួយដើម្បីរក្សាវត្តមាន​យោធារបស់ខ្លួន នៅក្នុងប្រទេស​ស៊ីរី។ លោក Ford ថ្លែង​បែបនេះ ក្រោយមានសេចក្ដី​រាយការណ៍​ជាច្រើន​ថា ទីក្រុង​វ៉ាស៊ីនតោន​មានបំណង​ជួយដល់​កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី (​SDF)​ ដឹកនាំក្រុម​​ឧទ្ទាមឃើដ YPG បង្កើត​កងកម្លាំង​ព្រំដែន​មួយ​មាន​​គ្នាជាង ៣០,០០០នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​កិច្ចសម្ភាសន៍ជាមួយ​អ្នកសារព័ត៌មាន Sputnik លោក Peter Ford បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ស័យថា អ្វីដែលកំពុង​កើតឡើង គឺជាការគិត​របស់ក្រសួង​ការបរទេស អាមេរិក ដែលកំពុងត្រូវការ​ហេតុផល​ជាច្រើន ដើម្បីរក្សាវត្តមាន​ទីប្រឹក្សា និងយោធា​អាមេរិក​នៅក្នុងតំបន់ គ្រប់គ្រងដោយ​ក្រុមឧទ្ទាមឃើដ​ក្នុងប្រទេស​ស៊ីរី បើទោះជា​បច្ចុប្បន្នពួក ISIS ជាង ៩៩ភាគរយ ត្រូវបានបោស​សំអាត​ក៏ដោយ។

ចំណែកឯ​ចំណុចជាក់លាក់​ អាចបង្ហាញពីគំនិត​បែបនេះ គឺនៅត្រង់គំរោងជួយ​ដល់កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី (​SDF)​ ដឹកនាំក្រុម​​ឧទ្ទាមឃើដ YPG បង្កើត​កងកម្លាំងព្រំដែនដែល​ទីក្រុងវ៉ាស៊ីនតោន​ផ្ទាល់​កំពុងគាំទ្រ និងដាក់ឱ្យពួកគេ​ធ្វើជាឆ្មាំការពារតំបន់​ព្រំដែន... ក៏ប៉ុន្តែសហរដ្ឋអាមេរិក​ភ្លេចគិតពី​ប្រទេស​តួកគី»។

គួរបញ្ជាក់ថា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាលតួកគី​​បានព្រមានថា ខ្លួននឹងមិន​រារែកឡើយ​ ក្នុងការធ្វើសកម្មភាព​នៅ​ក្នុងតំបន់ អាល់ហ្វ្រីន (Afrin)​ និងតំបន់ដទៃ​ទៀត​នៃ​ប្រទេសស៊ីរី រហូតទាល់តែ​​​សហរដ្ឋអាមេរិក​ បញ្ឈប់ការ​គំាទ្រ​កងកម្លាំង​ឃើដ។ តែយ៉ាងណាក៏ដោយ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ រិច ធីល្លឺសុន បានច្រានចោល​រាល់ការ​ចោទថា ខ្លួនមានផែនកា​រ​​បង្កើតកងកម្លាំង​ឃើដ​មួយ​នៅស៊ីរី ដោយអះអាងថា មនុស្សមួយ​ចំនួន​បាន​និយាយ​ខុស​ពីការពិត៕