(វ៉ាស៊ីនតោន)៖ ការផ្ដល់សក្ខីកម្ម​នៅចំពោះមុខសភា​អាមេរិក ពីសំណាក់ប្រធាន​ក្រុមហ៊ុនស្រាវជ្រាវ​ឈ្មោះ Fusion GPS បានបញ្ជាក់​ថា ការលក់អចលនទ្រព្យ​របស់ក្រុមហ៊ុន Trump Organization ឱ្យពលរដ្ឋ​រុស្ស៊ីអាចមាន​ជាប់ពាក់ព័ន្ធ នឹងការលាងលុយ​កខ្វក់។ នេះបើតាម​លោក Adam Schiff ដកស្រង់ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

យោងតាម​លោក អាដាម ស្គីហ្វ (Adam Schiff) ជាអ្នកតំណាងរាស្ត្រខាង​គណបក្ស​ប្រជាធិបតេយ្យ មកពីគណៈកម្មាធិការ​ស៊ើបអង្កេត នៃសភាអាមេរិក ការអះអាងខាងលើ​ធ្វើឡើងដោយ​ផ្អែកលើ ការចេញផ្សាយ​នូវសេចក្ដីចម្លង​មួយ នៃកិច្ចសម្ភាសន៍​បិទទ្វារ​កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយ​ប្រធាន និងជាស្ថាបនិក​ក្រុមហ៊ុន Fusion GPS លោក ក្លេន ស៊ីមសុន (Glenn Simpson) ដែលជាអ្នកជួល​​ឱ្យអតីតទីភ្នាក់ងារ​ស៊ើបអង្កេត​អង់គ្លេសម្នាក់ ស្រាវជ្រាវ​ពីទំនាក់ទំនង​ រវាងក្រុមយុទ្ធនា​ការឃោសនា​បោះឆ្នោ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី ព្រមទាំងផលិត​ឯកសារមួយ​ផងដែរ។

លោក Adam បានគូសបញ្ជាក់​បន្ថែមយ៉ាងដូច្នេះថា «សេចក្ដីចម្លង​ទាំងនោះ បានបង្ហាញពី​ការចោទប្រកាន់​ជាច្រើនថា Trump Organization អាចមានជាប់​ពាក់ព័ន្ធនឹងការលាងលុយ​កខ្វក់ ជាមួយពលរដ្ឋ​រុស្ស៊ី»

គួរបញ្ជាក់ថា ក្រុមហ៊ុន Fusion GPS បានត្រួតពិនិត្យ​យ៉ាងយកចិត្តទុកដាក់ លើការ​លក់ខុនដូរ​របស់​ក្រុមហ៊ុន Trump Organization នៅក្នុង​ទីក្រុង New York, Miami, Panama City និង ទីក្រុង Toronto។ នេះបើតាម​លោក Glenn Simpson ប៉ុន្តែ Trump Organization បានបដិសេធ​ដោយចាត់ទុកថាវា គឺជាការចោទប្រកាន់​គ្មានមូលដ្ឋាន ខណៈសមាជិក​សភាអាមេរិកម្នាក់​ទៀត មកពីបក្សប្រជាធិតេយ្យ​គឺ លោក Jim Hines ក៏បាននិយាយ​ដែរថា លោក Simpson មិនបានផ្ដល់​ភស្ដុតាងជាក់​លាក់៕