(ព្រុចសែល)៖ ទំនាក់ទំនង​រវាងចិន និងសហភាព​អឺរ៉ុប (EU) មានសារៈសំខាន់​ខ្លាំងបំផុត នៅក្នុងយុគសម័យ​នៃប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈដែល​រដ្ឋបាល​អាមេរិក កំពុងប្រកាន់ខ្ជាប់​នូវគោលការណ៍ តម្កល់ផលប្រយោជន៍​អាមេរិកជាធំ ហើយ​​ដកខ្លួន​ឃ្លាតឆ្ងាយពី​ភាពជាអ្នកដឹកនាំ នៃសេដ្ឋកិច្ច​សកល។ នេះបើតាម​ការលើកឡើងដោយក្រុមអ្នក​ជំនាញអឺរ៉ុប ដកស្រង់សម្តីដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

ក្រុមអ្នកវិភាគអឺរ៉ុប​បានលើកឡើងថា រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន និយាយឲ្យ​សាមញ្ញទៅ គឺមានភាពមិន​ប្រាកដប្រជា​ខ្លាំង ដែល​ពិបាកគួរ​ឲ្យទុកចិត្តបាន ហើយកំពុង​តែ​ឆ្ពោះទៅរក ការ​តម្កល់ផលប្រយោជន៍​អាមេរិកជាធំ​ថែមទៀត។ ហេតុដូច្នេះ​ហើយ សហភាព​​អឺរ៉ុប និងចិន ត្រូវតែចាប់ដៃគ្នា ដើម្បីមើល​ថែទាំទៅលើបញ្ហា​សកលលោក ហើយព្យាយាម​រក្សាពិភពលោក ​ឲ្យស្ថិតនៅ​លើ​គន្លងផ្លូវតាម​បែប​​ពហុ​ភាគី។

បើតាមការលើក​ឡើងរបស់អ្នក​ជំនាញៗខាងលើ ទំនាក់ទំនងចិន-អឺរ៉ុប គឺជាទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ច និងវិនិយោគ​ដ៏សំខាន់បំផុត​​មួយ នៅលើ​ពិភពលោក ដែលមានឥទ្ធិពល​ជាខ្លាំង​ ទៅលើស្ថានភាព​សេដ្ឋកិច្ច​សកល។ ប្រសិន​ណា ទំនាក់ទំនង​នៃភាគីទាំងពីរ​ មានលក្ខណៈ​មិនល្អទេ​នោះ អ្នករាល់គ្នា​នឹងទទួល​រងគ្រោះ តែផ្ទុយទៅវិញ​ប្រសិនបើ​ទំនាក់ទំនងនោះ មានការរីកចម្រើន​លូតលាស់ យើងទាំង​អស់គ្នា នឹងទទួល​បាន​អត្ថប្រយោជន៍ទៅតាមនោះដែរ។

មតិដដែល​បានបន្ថែម​ទៀតថា ដោយឥឡូវគោលការណ៍​គាំពារនិយម កំពុងតែកើនឡើង ហើយ​សហរដ្ឋអាមេរិក កំពុងដកខ្លួន​ឃ្លាត​ឆ្ងាយ​ពីភាពជាអ្នកដឹកមុខ​ នៃសេដ្ឋកិច្ច​សកល និងការបើក​ទូលាយ ការថែរក្សា​ការពារប្រព័ន្ធធ្វើ​ពាណិជ្ជកម្ម​សេរី គឺជារឿង​កាន់តែ​សំខាន់បំផុត។ ដូច្នេះហើយ វាអាស្រ័យ​ទៅលើតែចិន និងអឺរ៉ុ​បប៉ុណ្ណោះ ក្នុងការការ​ពារប្រព័ន្ធ​នេះ។ ​

គួរជម្រាបថា ខណៈដែល​សហរដ្ឋអាមេរិក បាននិងកំពុង​ធ្វើឲ្យប្រទេស​នៅតំបន់អឺរ៉ុប​មួយចំនួន មានការមិនពេញ​ចិត្តជាខ្លាំង ដោយ​សារតែ​គោលនយោបាយ នៅក្រោមរដ្ឋបាលដឹកនាំ​របស់ លោក ដូណាល់ ត្រាំ នោះ គេសង្កេត​ឃើញថា ចិន​បានងាកមកផ្តោត​ការ​យកចិត្តទុកដាក់​ជាខ្លាំង ទៅលើចំណងទាក់ទង​រវាងខ្លួន ហើយនិង​សហភាពអឺរ៉ុប ដែលសុទ្ធសឹងតែជាមហាយក្ស​សេដ្ឋកិច្ច តាមទ្វីបរៀងៗខ្លួន៕