(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី​បានបង្ហាញការយល់ឃើញថា ច្បាប់ថ្មីរបស់​អ៊ុយក្រែន ស្តីពីការរួមបញ្ចូលគ្នា​មកវិញនូវ​តំបន់​ចង់​​​​បំបែករដ្ឋ ដុនបាស (Donbas) នៅភាគ​ខាងកើត​អ៊ុយក្រែន គឺជាការត្រៀមរៀបចំ​លក្ខណៈ ដើម្បីបំផ្ទុះសង្រ្គាម​​ថ្មីមួយ​។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​​​ដោយ ​ទីភ្នាក់​ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។

ការលើក​ឡើងបែបនេះ​របស់ក្រសួងការបរទេសរុស្ស៊ី ធ្វើឡើងក្រោយ​ពីសភា​អ៊ុយក្រែន បានអនុម័ត​ច្បាប់មួយ ស្តីពី​ការ​យក​មក​វិញ​​នូវ​តំបន់ Donbas ដែលច្បាប់​នោះបានចាត់ទុកថា ជាដែនដីស្ថិត​ក្រោមការកាន់កាប់ ជាបណ្តោះអាសន្ន​របស់រុស្ស៊ី ខណៈវាត្រូវបាន​​គេ​អះអាងថា បង្កើតឡើង​ គឺតែដើម្បីថែរក្សាការពារសិទ្ធិ​សេរីភាព នៃប្រជាជនរស់​នៅក្នុងតំបន់ Donbas ផ្ទាល់តែប៉ុណ្ណោះ។

គួរជម្រាបថា បញ្ហាជម្លោះ​នៅតំបន់ Lugansk និង Donetsk ភាគខាងកើត​អ៊ុយក្រែន ដែលតំបន់​ទាំងពីរនេះ ត្រូវគេ​ហៅរួមគ្នាថា Donbas នោះ បានផ្ទុះឡើង​កាលពី​ខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីកង​កម្លាំងរដ្ឋាភិបាល​អ៊ុយក្រែន បានបើកប្រតិបត្តិការ​យោធា ដើម្បី​​ធ្វើការដណ្តើម​យកមកវិញ​នូវ​ទីក្រុងនានា ដែលត្រូវបាន​គ្រប់គ្រងកាន់កាប់​ដោយក្រុម​ឧទ្ទាមប្រដាប់​អាវុធ ដែលបានប្រកាស​​ឯក​រាជ្យដោយខ្លួន​ឯងពី​ទីក្រុងកៀវ។

ជុំវិញវិបត្តិនេះ អ៊ុយក្រែន​តែងតែបានបន្ត​ចោទប្រកាន់ មកលើ​ប្រទេសរុស្ស៊ី​ដែលជាអ្នក​ជិតខាង​​របស់ខ្លួនថា បានជួយជ្រោម​ជ្រែង​ដល់ក្រុមបះបោរ និងបានបញ្ជូន​កងទ័ព​របស់ខ្លួន ទៅកាន់តំបន់​ជម្លោះនៅ Donbas ថែមទៀត។ ដោយឡែក ទីក្រុងម៉ូស្គូ បានប្រ​កែក​ជាដដែលៗ ចំពោះការចោទ​ប្រកាន់របស់​ទីក្រុងកៀវ ដោយ​សំអាងថា អ៊ុយក្រែន​ពុំមាន​ភស្តុតាង​​អ្វីទាំងអស់ ដែលអាចបង្ហាញ​​ពីការចូលពាក់ពាក់ព័ន្ធ​របស់រុស្ស៊ី នៅក្នុងបញ្ហា​វិវាទនេះ៕