(សេអ៊ូល)៖ កូរ៉េខាងជើង នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាអូឡាំពិក ឬកីឡាជនពិការ​រដូវរងារ​ នៅក្នុងប្រទេស​កូរ៉េខាងត្បូង​នៅខែ​ក្រោយនេះ ហើយកីឡាករ ជិះស្គីជនពិការ​កូរ៉េខាងជើង​ពីររូបសង្ឃឹមថា ពួកគេនឹងទទួល​បានមេដាយ​ជូនជាតិ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៩។

លោក ម៉ា យូជុល (Ma You-chul) និង លោក គីម ជុងយុន (Kim Jung-hyun) គឺជាអ្នកជិះស្គី​ជនពិការ តំណាងឱ្យប្រទេស​កូរ៉េខាងជើង ដែលត្រូវចូលរួម​ក្នុងព្រឹត្តិការណ៍​កីឡាប៉ារ៉ាអូឡាំពិក​រដូវរងារ រៀបចំឡើង​ដោយនៅ​ឯទីក្រុង Pyong Chang ប្រទេស​កូរ៉េខាងត្បូង​ នៅខែមីនា​ខាងមុខ​នេះ។ ការ​សម្រេចចិត្ត របស់កូរ៉េខាងជើង​ក្នុងការបញ្ជូន​កីឡាករ និងប្រតិភូកីឡា​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានជួបពិភាក្សា​គ្នាជា​បន្តបន្ទាប់។

ដោយឡែក សម្រាប់​លោក Ma You-chul លោក​ទើបតែ​បានរៀនជិះស្គី កាលពីខែធ្នូកន្លង​ទៅតែ​ប៉ុណ្ណោះ ព្រោះនៅមុខនេះ​លោក​គឺជាកីឡាករវាយកូន​បាល់នៅលើតុ ប៉ុន្តែយ៉ាង​ណា លោកនៅតែ​សង្ឃឹមថា លោកនឹងអាចទទួល​បានមេដាយ​ជូនជាតិ។ លោក Ma ដែលបាន​កើតនៅក្នុង​ទីក្រុង​ព្យុងយ៉ាង បានជួបគ្រោះថ្នាក់​ចរាចរណ៍​នៅពេលលោក​មានអាយុ ០៥ឆ្នាំ ហើយបានធ្វើ​ឱ្យជើងរបស់លោក​ទាំងពីរ​ពិការ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃពុធ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀង​គ្នាថា នឹងដើរជាក្បួនដង្ហែ​រួមគ្នាក្រោម​ទង់ជាតិកូរ៉េ​រួបរួមតែមាន ហើយមិនតែ​ប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង​ក៏បាន​ប្រកាសថា នឹងបញ្ជូនប្រតិភូ និងកីឡាករ ៥៥០នាក់ ឱ្យទៅចូលក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាពិក និងប៉ារ៉ាអូឡាំពិក​នៅកូរ៉េខាងត្បូង​ផងដែរ៕