យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន Malaysia Airlines ផ្ទុកដោយមនុស្ស២២៤នាក់ ចុះចតជាបន្ទាន់ នៅអូស្ត្រាលី
18-01-2018 23:21
(ស៊ីដនី)៖ ជើងហោះហើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines ដែលហោះហើរចេញទីក្រុង Sydney ប្រទេសអូស្ត្រាលី ទៅកាន់ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅទីប្រជុំជន Alice Springs ប្រទេសអូស្ត្រាលី នាថ្ងៃព្រហស្បត្តិ៍នេះ, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។
ជើងហោះហើរលេខ MH122 ដែលផ្ទុកដោយអ្នកធ្វើដំណើរ ចំនួន២២៤នាក់ជិះនៅលើនោះ បានបង្វែរការហោះហើររបស់ខ្លួន ទៅចុះចតនៅទីប្រជុំជន Alice Springs បន្ទាប់ពីម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីន២ របស់យន្តហោះ បានចាប់ផ្តើមមានសភាពមិនស្រួល (មានបញ្ហា)។
ទោះយ៉ាងណាក្តី អ្នកបើកបរ បានចុះចតយន្តហោះប្រភេទ A330-300 នេះ ប្រកបដោយសុវត្ថិភាព បើទោះបីជាមានម៉ាស៊ីនតែមួយនៅដំណើរការក្តី។
ក្រុមហ៊ុន Malaysia Airlines បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បត្តិ៍នេះថា ជើងហោះហើរលេខ MH122 បានបង្វែរទិសដៅ ទៅរកកន្លែងចុះចត ដោយសារមានបញ្ហាបច្ចេកទេស៕