(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃពុធកន្លងទៅនេះ បានបដិសេធចំពោះព័ត៌មានដែលលេចលឺថា អាមេរិកគ្រោងនឹងផ្លាស់ប្តូរស្ថានទូតប្រចាំអ៊ីស្រាអែល ទៅកាន់ទីក្រុង ហ្សេរ៉ូសាឡឹមក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតីអ៊ីស្រាអែលលោក ប៊េនយ៉ាមីន ណេតាន់យ៉ាហ៊ូ រំពឹងថានឹងមានការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិកក្នុងពេលមួយឆ្នាំនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រ៉ិច ធីល័រស៊ុន បានបញ្ជាក់កាលពីខែមុនថា “ការផ្លាស់ប្តូរស្ថានទូតមិនអាចធ្វើឡើងមុនរយៈពេលបីឆ្នាំឡើយ ហើយនេះជាមហិច្ឆតាដ៏ធំធេងមួយ”។ លោកបានបន្តថា អាមេរិកត្រូវការពេលវេលាដើម្បីស្វែងរកទីតាំងប្រកបដោយសុវត្ថិភាព និងរៀបចំអគារសម្រាប់មន្ត្រីទូតស្នាក់នៅ និងបំពេញកិច្ចការរបស់ខ្លួន។

សូមរំលឹកថា លោកត្រាំបានធ្វើការផ្លាស់ប្តូរគោលនយោបាយអាមេរិកដែលធ្លាប់​បន្តអស់រយៈពេលជាច្រើនទសវត្សរ៍​មកហើយតាមរយៈ​ការប្រកាស​ទទួលស្គាល់ទីក្រុង ហ្សេរ៉ូសាឡឹម ជារដ្ឋធានីរបស់ដែនដីអ៊ីស្រាអែលកាលពីដើមខែធ្នូកន្លងទៅនេះ ព្រមទាំងកំពុងដំណើរការ​ក្នុងការផា្លស់ប្តូរស្ថានទូតចេញពីទីក្រុង តែលអាវីវ ដែលបង្កក្តីវិនាសដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងតំបន់មជ្ឈឹមបូព៌ា និងបង្កភាពមិនសប្បាយចិត្តក្នុងពិភពអារ៉ាប់ និងបណ្តាប្រទេសលោកខាងកើតជាដើម៕