(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ខណៈស្ថានការណ៍ព្រំដែនជាប៉ាគីស្ថាន នៅតែស្ថិតក្នុងភាពក្តីគគុកនោះ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌា បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង ប្រភេទឆ្លងទ្វីប Agni-V របស់ខ្លួនដោយជោគជ័យដោយគ្រាប់មីស៊ីលនោះ បានវាយប្រហារចំគោលដៅនៅចម្ងាយជាង ៥,០០០គីឡូម៉ែត្រ ពីឆ្នេររដ្ឋ Odisha ភាគខាងកើតប្រទេស៕

២៖ អាជ្ញាធរកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥២នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្ដក្រុងដែលពួកគេធ្វើដំណើរបានផ្ទុះឆេះ នៅឯភាគពាយ័ព្យនៃតំបន់ Aktau ប្រទេសកាហ្សាក់ស្ថាន៕

៣៖ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ការធ្វើចរាចរណ៍ផ្លូវអាកាសទូទាំងសាកលលោក មានការកើនឡើងយ៉ាងក្រៃលែង
ប៉ុន្តែទោះបីជាបែបនេះក្តី ឆ្នាំមុននេះក៏ជាប់ជាឆ្នាំដែលចរាចរណ៍ផ្លូវអាកាស មានភាពស្ងប់សុខជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ៕

៤៖ ផ្កាយដ៏សែនឆ្ងាយមួយដួង នៅក្នុងក្រុមផ្កាយ NGC 3201 ដែលកំពុងបង្ហាញអការៈដ៏ចម្លែក អាចនាំពួកយើងព្យាយាមឆ្ពោះទៅរក ការលាតត្រដាងពីអាថ៌កំបាំងមួយ។ តារាវិទូអន្តរជាតិមួយក្រុម មានការយល់ឃើញថា វាបង្ហាញឥរិយាបថដូច្នេះ គឺដោយសារតែផ្កាយមួយនោះ កំពុងតែធ្វើដំណើរជុំវិញប្រហោងខ្មៅ (Black Hole) ដ៏ធំមួយមានម៉ាស់ ស្មើនឹងម៉ាស់របស់ព្រះអាទិត្យដល់ទៅបួនដង៕

៥៖ ក្រសួងការបរទេសអាមេរិក បានធ្វើការបើកភ្លើងខៀវដល់ គម្រោងលក់សព្វាវុធថ្មីមួយផ្សេងទៀត ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្រោមក្របខណ្ឌនៃការផ្តល់សេវា គាំទ្រផ្នែកប្រព័ន្ធមីស៊ីល ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៥០០លានដុល្លារ៕

៦៖ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនមានគំរោងសាងសង់អាគារក្រុមហ៊ុនថ្មីមួយ ព្រមទាំងជួលបុគ្គលិក ២០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការស្វែងរក ការកាត់បន្ថយពន្ធ ដែលនឹងអាចជួយឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យាមួយនេះយកប្រាក់ចំណូលមកស្រុកកំណើតវិញជាង ២៤៥ពាន់លានដុល្លារ៕