(ញូដេលី)៖ ខណៈស្ថានការណ៍ព្រំដែនជាប៉ាគីស្ថាន នៅតែស្ថិតក្នុងភាពក្តីគគុកនោះ នាថ្ងៃព្រហស្បតិ៍នេះ​ប្រទេស​ឥណ្ឌា បានធ្វើការ​បាញ់សាកល្បង​មីស៊ីលផ្លោង​ ប្រភេទឆ្លងទ្វីប Agni-V របស់ខ្លួន​​ដោយ​​ជោគជ័យ ដោយគ្រាប់​មីស៊ីលនោះ បានវាយប្រហារ​ចំគោលដៅ​នៅ​ចម្ងាយជាង ៥,០០០គីឡូម៉ែត្រ ពីឆ្នេររដ្ឋ Odisha ភាគ​ខាង​កើត​​​ប្រទេស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

ការធ្វើតេស្ត​សព្វាវុធធុនធ្ងន់ខាងលើ កំពុងត្រូវបាន​គេចាត់ទុកថា ជាជំហ៊ានបោះ​ពួយទៅមុខយ៉ាង​រលូនមួយ​កម្រិតទៀត ក្រោម​គោលដៅ​មហិច្ឆតា​នៃការដាក់បញ្ជូល​គ្រាប់មីស៊ីល​ផ្លោងនេះ ទៅក្នុងការ​ប្រើប្រាស់របស់កង​បញ្ជាការនុយក្លេអ៊ែរ​ឥណ្ឌា SFC ។ យ៉ាង​​ណា​មិញ ការធ្វើតេស្ត​មួយចំនួន​ទៀត មិនទាន់ត្រូវ​បានធ្វើឡើងនៅ​ឡើយទេ មុនពេលដែល​មីស៊ីល​ទម្ងន់ ៥០តោន នេះអាចត្រូវ​​ផលិតឡើង​ក្នុងទ្រង់ទ្រាយធំ​គ្រប់គ្រាន់ សម្រាប់ការដាក់បញ្ជូល​ឲ្យប្រើប្រាស់​ជាផ្លូវការបាន។

គួរជម្រាបថា កងកម្លាំង SFC ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ២០០៣ ដើម្បីធ្វើការ​គ្រប់គ្រងទៅលើ​អាវុធនុយក្លេអ៊ែរ របស់​មហាយក្ស​​ទី ២ នៅអាស៊ីមួយនេះ។ ដោយឡែក​ក្រៅពីមីស៊ីលរយៈចម្ងាយ​ខ្លី Prithvi និង Dhanush SFC បានដាក់បញ្ជូល​មីស៊ីលផ្លោង Agni-i, Agni-II, និង Agni-III ទៅក្នុងឃ្លាំង​អាវុធនុយក្លេអ៊ែរ ដែលអាចប្រើប្រាស់​បានរបស់ខ្លួន​ រួចស្រេចទៅ​ហើយ៕