(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបញ្ជូន ប្រព័ន្ធខែលការពារមីស៊ីល S-400​ ទៅឱ្យ​ប្រទេសចិនជាបណ្តើរៗហើយ ក្រោមកិច្ចសន្យា​ដែលបានចុះហត្ថលេខា តាំងតែពីឆ្នាំ២០១៤។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS ដកស្រង់​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី TASS​ ផ្អែកលើប្រភពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងខាងលើ បានគូស​បញ្ជាក់ថា ការអនុវត្តន៍កិច្ច​ព្រមព្រៀងទិញ S-400 បាន​ចាប់ផ្ដើម ហើយការ​ដឹកជញ្ជូន ដំបូងត្រូវបានបញ្ជូនទៅកាន់​ប្រទេសចិន។ ការដឹកជញ្ជូននេះ រួមមានប្រព័ន្ធ​គ្រប់គ្រងរ៉ាដា ប្រព័ន្ធថាមពល រួមទាំងបរិក្ខាគាំទ្រ គ្រឿងបន្លាស់ និងប្រព័ន្ធផ្សេងៗទៀតរបស់ S-400។

គួររំលឹកថា រុស្ស៊ី និងចិនបានឈាន​ដល់កិច្ចព្រមព្រៀងលក់ និងទិញប្រព័ន្ធ​មីស៊ីល S-400 ០៦គ្រឿង កាលពី​ឆ្នាំ២០១៤ ក្នុងតម្លៃជាង ៣ពាន់លានដុល្លារ។ ប៉ុន្តែ​ទន្ទឹមគ្នា ឥណ្ឌា និងតួកគី ក៏កំពុងដំណើរការនីតិវិធី ទិញប្រព័ន្ធការពារ​ដែនអាកាសមួយនេះ​​ពីរុស្ស៊ីផងដែរ ក្នុងតម្លៃខ្ទង់ពាន់លានដុល្លារ ដូចនឹងមហាយក្សចិន៕