(កាណាដា)៖ អង្គការអាកាសចរណ៍​ស៊ីវិលអន្តរជាតិ (ICAO) ​បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ការធ្វើចរាចរណ៍ផ្លូវអាកាស​​​ទូទាំងសា​កលលោក មានការកើនឡើង​យ៉ាងក្រៃលែង ប៉ុន្តែទោះបី​ជាបែបនេះក្តី ឆ្នាំមុននេះក៏ជាប់ជាឆ្នាំដែលចរាចរណ៍ផ្លូវអាកាស មានភាពស្ងប់សុខ​ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ​​ផងដែរ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Channel News Asia នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។

ចំនួនអ្នកដំណើរ​តាមផ្លូវអាកាសនៅក្នុងឆ្នាំ២០១៧ មានដល់ទៅ ៤.‌១ពាន់លាននាក់ ដែលវាគឺជាការកើន​ឡើងក្នុងអត្រា ៧.១ភាគរយ​​​​ពី​ឆ្នាំ២០១៦ បើតាមទិន្នន័យ​របស់អង្គការ ICAO។ ប្រធានក្រុម​ប្រឹក្សារបស់ ICAO លោក អូលូមូយីវ៉ា បេណាដ អាលុយ (Olumuyiwa Benard Aliu) បាន​លើក​ឡើង​​ក្នុងសេចក្តីថ្លែងការណ៍​មួយ ចេញពីទីភ្នាក់ងារ​ដែលមានមូលដ្ឋាន​ក្នុងទីក្រុង Montreal ប្រទេសកាណាដាថា «ចីរភាព​នៃ​កំណើន​​​ដ៏​ខ្លាំងក្លា នៅក្នុងការធ្វើដំណើរ​តាមអាកាសចរណ៍​ស៊ីវិល ជុំវិញពិភពលោក ត្រូវបានបង្ហាញឲ្យឃើញ​យ៉ាងច្បាស់ តាមរយៈ​ភាព​កាន់​តែ​បន្ត​​ប្រ​សើរឡើង នៃកត្តាសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ព្រមទាំងបរិយាកាស​ធ្វើដំណើររបស់វា»។

គួរជម្រាបថា នាពេលថ្មីៗនេះ​ការសិក្សា​ចំនួនពីរ ក៏បានបង្ហាញ​ផងដែរថា ឆ្នាំមុននេះ គឺជាឆ្នាំប្រកប​ដោយសុវត្ថិភាពជាងគេ​​បង្អស់​ សម្រាប់ការធ្វើដំណើរនៃអាកាសចរណ៍​ស៊ីវិល គិតចាប់តាំងតែពី​ស្ថិតិនៃហេតុការណ៍ធ្លាក់​យន្តហោះ ត្រូវបានគេចងក្រងជាលើក​ដំបូងកាល​ពីឆ្នាំ១៩៤៦៕